ប្ដីនាងមិននៅ បងថ្លៃជីដូនប៉ើងមុងចូលទៅបៀ.តបៀ.ន នាងប្រាប់ប្ដីឱ្យប្ដឹងនគរបាលឃាត់ខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បុរសម្នាក់បានប៉ើងមុងចូលទៅបៀតបៀនប្អូនថ្លៃស្រីជីដូនមួយរបស់ខ្លួន ដោយបានស្ទាបអង្អែលនិងបៀតបៀននាង ប៉ុនប៉ងរំលោភសេពសន្ថវៈ ខណៈដែលប្ដីរបស់នាងមិននៅជាប់រវល់ចេញទៅលក់ម្ហូបនាវេលាយប់រំលងអាធ្រាត្រ ។ ប៉ុន្តែដោយសារនាងរុញក្បាលចេញនិងសុំអង្វរ ទើបជននោះព្រមបោះបង់ឈប់ធ្វើសកម្មភាព រួចដើរចាកចេញពីបន្ទប់នាងបាត់ បន្ទាប់មកនាងបានប្រាប់ឲ្យប្ដីដឹង ទើបប្ដីនាងនាំនាងទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យតែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ ហៀង ស៊ូ អាយុ៣២ឆ្នាំ មុខរបរលក់ម្ហូប ស្នាក់នៅបន្ទប់ជួលលេខB៣ ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជននេះមានប្រពន្ធនិងកូនទៅហើយមិនមែននៅកម្លោះនោះទេ ដោយឡែកនារីរងគ្រោះ អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីរងគ្រោះនិង ជនសង្ស័យត្រូវជាបងប្អូនថ្លៃជីដូនមួយនឹងគ្នា (ជនសង្ស័យនិងប្ដីនាងបងប្អូនជីដូនមួយ) ហើយនៅមុនពេលកើតហេតុ ប្ដីនារីរងគ្រោះបានចេញទៅលក់ម្ហូប ចំណែកនាងមិនបានទៅជាមួយប្តីនោះទេ ព្រោះនាងមិនស្រួលខ្លួន ។ នាងបានដេកនៅក្នុងបន្ទប់ជួលម្នាក់ឯង ដោយបានបើកភ្លើងបន្ទប់ ហើយគ្រាន់តែរុញទ្វារបិទមិនបានខ្មាស់គន្លឹះឬចាក់សោទ្វារពីខាងក្នុងនោះទេ ព្រោះខ្ជិលក្រោកបើកទ្វារនៅពេលដែលប្ដីត្រឡប់មកពីលក់វិញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យដើរលបៗចូលក្នុងបន្ទប់នាងរួចបើកវាំងនននិងប៉ើងមុងចូលទៅស្ទាបអង្អែលខ្លួនប្រាណនាងរងគ្រោះ ។ ខណៈនោះនាងបានសួរថាម៉េចបានជាបងធ្វើបែបហ្នឹង ? ពេលនោះជនសង្ស័យមិនឆ្លើយតបទេ ហើយបានព្យាយាមបៀតបៀននាងនិងប៉ុនប៉ងរំលោភសេពសន្ថវៈ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ប៉ុន្តែពេលនោះនារីរងគ្រោះបានរុញក្បាលជនសង្ស័យចេញ ព្រមទាំងនិយាយសុំអង្វរជនសង្ស័យថា«បងកុំធ្វើបែបហ្នឹងអី ហើយជនសង្ស័យបានឆ្លើយវិញថា បងលួចស្រលាញ់អូនយូរហើយ ទើបធ្វើបែបនេះ ហើយរឿងនេះកុំប្រាប់ឲ្យគេដឹងអី» ។ បន្ទាប់មកជនសង្ស័យក៏ក្រោកដើរទៅបន្ទប់របស់ខ្លួនវិញបាត់ទៅ ហើយនារីរងគ្រោះ ក៏បានទូរស័ព្ទទៅប្រាប់ប្តីតាមដំណើររឿង ទើបបុរសជាប្ដីនាងនាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយនគរបាលក៏ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួចនាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង ៕



ចែករំលែកព័តមាននេះ