ទីក្រុងហាណូយ៖ មានហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយកាលពីព្រឹកមិញនៅភោជនីយដ្ឋាននៃទីក្រុងហាណូយ ប្រទេសវៀតណាម បណ្ដាលឱ្យផ្ទះបាក់រលំតែម្ដង និងសម្លាប់មនុស្សយ៉ាងតិច៦នាក់ របួស១០នាក់។ ជនរងគ្រោះម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យរដ្ឋដុងដា (Dong Da)។ សាកសពរបស់គាត់ត្រូវបានរុំជុំវិញដោយភួយ ហើយត្រូវបានដឹកចេញតាមរថយន្តគិលានសង្គ្រោះ។

របាយការណ៍បឋមបង្ហាញថាគាត់ដើរកាត់ភោជនីយដ្ឋានស្រាប់តែមានហេតុការណ៍ផ្ទុះតែម្ដងបណ្ដាលឱ្យគាត់រហែកសំលៀកបំពាក់។ កម្ទេចកម្ទីនៃរបស់របរផ្សេងៗហោះត្រូវគាត់បណ្ដាលឱ្យរបួសជាទម្ងន់។ នគរបាលប្រចាំទីក្រុងហាណូយថ្លែងថាហេតុការណ៍នោះទំនងជាបណ្ដាលមកពីការធ្លាយហ្គាស ហើយបណ្ដាលឱ្យបាក់អគារកម្ពស់មួយជាន់នោះមួយផ្នែក។ អគារនេះស្ថិតនៅជាប់នឹងប្លុកអគារមួយទៀតតាមដងវិថីង្វៀន វ៉ាន់ ទូយេត (Nguyen Van Tuyet)។

ក្រុមអ្នកស៊ើបអង្កេតបន្តស្រាវជ្រាវដើម្បីចង់ដឹងថាតើហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានេះបណ្ដាលមកពីអ្វីពិតប្រាកដ។ ហេតុការណ៍នេះបានធ្វើឱ្យរង្គោះរង្គើអគារកម្ពស់បីជាន់ដែលស្ថិតនៅជាប់នឹងភោជនីយដ្ឋាន។ អគាររស់នៅរបស់ប្រជាជនក្បែរៗនោះ និងផ្ទះមួយជួរស្ថិតនៅម្ខាងទៀតនៃផ្លូវសុទ្ធតែរញ្ជួយដូចគ្នា។ វាបានធ្វើឱ្យប្រេះជញ្ជាំង បែកកញ្ចក់បង្អួច និងរបើកដែកស័ង្កសីចេញពីដំបូលផ្ទះ។ អាជ្ញាធរកំពុងដើរត្រួតពិនិត្យមើលទីតាំងដែលរងការខូចខាត និងជម្លៀសប្រជាជនចេញពីអគារទាំងឡាយណាដែលខូចខាតខ្លាំង និងដែលមិនអាចមានសុវត្ថិភាពក្នុងការរស់នៅ។

ភោជនីយដ្ឋានខាងលើនេះមានភ្ញៀវចូលញ៉ាំអាហារជាច្រើននាក់នៅពេលហេតុការណ៍ផ្ទុះនោះកើតឡើង។ ដូចនេះ គេបារម្ភថាចំនួនមនុស្សស្លាប់អាចនឹងច្រើនជាងនេះ។ សាកសពរបស់ពួកគេអាចនឹងកប់នៅក្រោមគំនរបាក់បែក។ នគរបាលបានប្រើប្រាស់ឧបករណ៍កំណត់មុខសញ្ញាមនុស្សដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ឬអ្នកស្លាប់។ ការផ្ទុះនេះបង្កការខូចខាតផ្ទះដប់ខ្នងដែលស្ថិតនៅចម្ងាយ១៥ម៉ែត្រពីទីតាំងកើតហេតុ។ យោងតាមក្រសួងសន្តិសុខសាធារណៈ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាហេតុការណ៍នេះបណ្ដាលមកពីការធ្លាយហ្គាស៕ ប្រភព៖ Vietnam Express

ចែករំលែកព័តមាននេះ