ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាចំពោះសកម្មភាពថៃនៅតំបន់អានសេះ និងបឹងត្រកួន ដែលប៉ះពាល់ដល់អធិបតេយ្យភាពទឹកដី

18 ម៉ោង មុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ ដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍អាកាសថៃ ប្រាផាស សនចៃឌី បានដឹកនាំមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ចុះទៅកាន់ទីតាំងជាច្រើននៅតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិលចំនួន២ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា កងកម្លាំងថៃបានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមនៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ភាគីថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងនោះបន្ថែមទៀត។

ចំពោះសកម្មភាពទាំងនេះ កម្ពុជាបានចាត់ទុកថាជាការរំលោភបំពានលើអធិបតេយ្យភាពទឹកដី និងកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់ រួមមាន អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ ឆ្នាំ២០២៥។ កម្ពុជាក៏បញ្ជាក់ថា មិនទទួលស្គាល់ការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពដែលកម្ពុជាចាត់ទុកថាខុសច្បាប់ និងសកម្មភាពឯកតោភាគីទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កើតទំនុកចិត្ត និងរក្សាសន្តិភាពតាមបណ្តោយព្រំដែន។ កម្ពុជាបន្តប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដោយប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕