ទីក្រុងសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញនូវផែនការរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃនេះដោយផ្លាស់ប្ដូរតំណែងមន្ត្រីជាន់ខ្ពស់បីរូបនៅក្នុងផ្នែកសន្តិសុខជាតិ។ លោកក៏បានតែងតាំងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ថ្មី, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងបង្រួបង្រួមជាតិថ្មីផងដែរ។ ចំណាត់ការនេះកើតមានឡើងស្របពេលដែលមានការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលចាត់ចែងឱ្យបានល្អប្រសើរជាងនេះនូវសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកលីជេម្យុងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រីកាងគុមស៊ីល (Kang Kum-sil) ជានាយកថ្មីនៃសេវាស៊ើបការណ៍សម្ងាត់ជាតិ។ ក្រៅពីនេះ លោកតែងតាំងអ្នកការទូត និងបច្ចុប្បន្នជាទីប្រឹក្សាសន្តិសុខជាតិ លោកលីមវូងស៊ូន (Lim Woong-soon) ជារដ្ឋមន្ត្រីការបរទេសថ្មី និងតែងតាំងអតីតអ្នកតំណាងរាស្ត្រ លោកហុងអ៊ីកផ្យូ (Kong Ik-Pyo) ជារដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិដើម្បីដឹកនាំទំនាក់ទំនងជាមួយកូរ៉េខាងជើង។

ប្រសិនបើអ្នកទាំងបីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា ពួកគេនឹងត្រូវរ៉ាប់រងធ្វើកិច្ចការសំខាន់ជាមួយអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្តធំជាងគេរបស់របបក្រុងសេអ៊ូល ហើយត្រូវរ៉ាប់រងកែសម្រួលទំនាក់ទំនងជាមួយរបបក្រុងព្យុងយ៉ាងឡើងវិញ។ ឥឡូវនេះ មានសញ្ញានៃភាពតានតឹងកើតមានឡើងជាបណ្ដើរៗទៀតហើយរវាងប្រទេសបងប្អូនគូសត្រូវទាំង២ ខណៈដែលកូរ៉េខាងជើងបន្តអភិវឌ្ឍកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួនយ៉ាងសកម្ម។

អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោកសុងស៊ឹងចុង (Song Seong-jong) ដែលបច្ចុប្បន្នជាគូរបង្រៀននៅសាកលវិទ្យាល័យថ្លែងថាលោកលីជេម្យុងទំនងជាកំពុងព្យាយាមបំបែកភាពទ័លច្រកនៅក្នុងទំនាក់ទំនងជាមួយអាមេរិកតាមរយៈការរុះរើគណៈរដ្ឋមន្ត្រី។ វាជារឿងសមហេតុផលដែលគួរតែព្យាយាម និងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយសារទំនាក់ទំនងជាមួយអាមេរិកហាក់ដូចជារយាលដៃបន្តិចមួយរយៈចុងក្រោយនេះ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ