ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រណាំងទូកផ្កាចារ និងទូកនាគ នៅដងស្ទឹង​សៀមរាប ទាក់​ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងរួមចំណែកថែរក្សាប្រពៃណីជាតិ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​វិច្ឆិកា ឆ្នាំ​២០២៦ មុន​ថ្ងៃ​បើក​ការ​ប្រណាំងទូក (​ង​) ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ខេត្ត រៀបចំ​ការ​ប្រណាំងទូក​ផ្កាចារ និង​ទូក​នាគ នៅ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ។

គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​បានឱ្យ​ដឹង​ថា ទូក​ចូលរួម​ប្រណាំង​ឆ្នាំ​២០២៦ នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប មាន​ចំនួន ៥៧​ទូក មក​ពី​ខេត្តបន្ទាយមានជ័យ ពោធិសាត់ កណ្តាល កំពង់ធំ និង​សៀមរាប ដោយ​មាន​កីឡាករ​អុំទូក​សរុប ១,១១៣​នាក់ រួម​មាន​៖

ទូក (​ង​): ២០​ទូក

ទូកផ្កាចារ​: ១៩​ទូក

ទូក​នាគ​: ១៨​ទូក

ការ​ប្រកួត​ទូកផ្កាចារ និង​ទូក​នាគ ត្រូវ​បាន​រៀបចំ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​របស់​គណៈកម្មការ ដើម្បី​ស្វែងរក​ម្ចាស់​ជ័យ​លា​ភី​។ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ថែរក្សា​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ជាតិ ព្រមទាំង​រំលឹក​ដល់​គុណ​បុព្វបុរស​វីរ​កងទ័ពជើងទឹក​ដែល​បានការ​ពារ​បូរណភាព​ទឹកដី និង​ដឹងគុណ​ព្រះ​ម៉ែ​គង្គា ដែល​ផ្តល់​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ទ្រទ្រង់​ជីវិត​រស់នៅ​។

ដំណើរការ​ប្រណាំងទូក​ផ្កាចារ និង​ទូក​នាគ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ បង្ក​បរិយាកាស​រីករាយ​ជូន​ទស្សនិកជន​ជាតិ និង​អន្តរជាតិ ក្រោម​ម្លប់​សន្តិភាព និង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ប្រគល់​រង្វាន់​ជ័យ​លា​ភី​ដល់​ទូក​ជ័យជម្នះ​។ កម្មវិធី​ក៏​មាន​រៀបចំ​ការ​បុក​អំបុក ដើម្បី​បង្ហាញ​ពី​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ​ដល់​ភ្ញៀវ​ទេសចរ រួម​ជាមួយ​ការ​រាំវង់​កម្សាន្ត ការ​សម្តែង​សិល្បៈ របាំ និង​ការ​ប្រគំ​តន្ត្រី​ផង​ដែរ​។