ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខេត្តស្ទឹងត្រែង ចុះ​ប្រគល់​ស្បៀង និង​សម្ភារ​ជួយ​សម្រាល​បន្ទុកគ្រួសារ​ចិញ្ចឹម​ក្មេង​កំព្រា

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក សាយ ព្រលឹង នាយក​សាខា បាន​ចុះ​ជួប​សួរសុខទុក្ខ និង​ប្រគល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​គ្រួសារ​ជួប​ការ​លំបាក​មួយ ស្ថិត​នៅ​តំបន់​អូរ​ឈើទាល ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

គ្រួសារ​ទទួលផល​ពី​សកម្មភាព​មនុស្សធម៌​នេះ រួមមាន ក្មួយ​ស្រី គុណ សុខ​ឡា អាយុ ២៥​ឆ្នាំ និង​ស្វាមី​ឈ្មោះ ឈុ​ន សុខ​គា អាយុ ២៦​ឆ្នាំ ដែល​កំពុង​ទទួលបន្ទុក​មើលថែ​ក្មេង​កំព្រា​ឪពុក​ម្តាយ​ចំនួន ៣​នាក់ ក្នុង​ស្ថានភាព​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ​។

នា​ឱកាស​នោះ លោកនាយក​សាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ និង​ការ​គិតគូរ​ពី ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​តែងតែ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ជា​ពិសេស​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះ ដោយ​គោរព​តាម​គោល​ការណ៍​មនុស្សធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​វណ្ណៈ​ឡើយ​។

ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ​លោក សាយ ព្រលឹង ក៏​បាន​ជំរុញ​ឱ្យ​ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ​បន្ត​មើលថែ​ទាំ​ប្អូន​ៗ​កំព្រា​ទាំង​បី​ឱ្យ​កាន់តែ​កក់ក្តៅ និង​ផ្តល់​ដំបូន្មាន​ដល់​ក្មេង​ៗ​ឱ្យ​តាំងចិត្ត​រៀនសូត្រ ដើម្បី​ត្រៀមខ្លួន​កសាង​ជីវិត​រុងរឿង​ទៅ​ថ្ងៃ​អនាគត​។

ចំពោះ​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ដែល​បាន​ប្រគល់​ជូន​នា​ពេល​នោះ មាន​ដូច​ជា​៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ ទឹកត្រី ១​យួរ មុង ២ ភួយ ៣ ខ្នើយ ៣ និង​កន្ទេល ៣៕