ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង៤រួមគ្នាជំរុញការអភិរក្ស និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរទៅកាន់ពិភពលោក

14 ម៉ោង មុន

រាជធានីភ្នំពេញ៖ ការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារប្រពៃណីវប្បធម៌ខ្មែរ កំពុងត្រូវបានជំរុញតាមរយៈកិច្ចសហការរវាងក្រសួងចំនួន៤ ដើម្បីថែរក្សាមរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងប្រទេស និងអន្តរជាតិ។ កិច្ចប្រជុំលើកយកប្រធានបទនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងលោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីជំនាញនៃក្រសួងទាំង៤។

ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ គឺការជំរុញការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងប្រពៃណីវប្បធម៌ខ្មែរ ដើម្បីរក្សាទុកជាមូលដ្ឋានចំណេះដឹង និងជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើយន្តការអភិរក្ស និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ តាមរយៈកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ៕