ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់​អប់រំ​ក្រុម​ក្មេង​ទំនើង​១២​នាក់ ដកហូត​ម៉ូតូ​រក្សា​ទុក​៣​ខែ

2 ម៉ោង មុន

ខេត្តសៀមរាប ៖ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​២០:៤០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ១២​នាក់ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​ជិះ​ម៉ូតូ​បង្ហោះ ប្រដេញ​គ្នា​រំខាន​ដល់​អ្នក​ដទៃ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ភូមិ​ត្មាត​ពង សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប ។

ក្រោយ​ការ​សាកសួរ ក្មេង​ទាំង​១២​នាក់ បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន និង​ត្រូវ​បាន​ធ្វើការ​អប់រំ ណែនាំ ដាក់​វិន័យ ធ្វើ​កិច្ចសន្យា ព្រមទាំង​ប្រគល់​ជូន​អាណាព្យាបាល​ធានា​យក​ទៅ​ផ្ទះ​វិញ​។ ចំណែក​ម៉ូតូ ត្រូវ​បាន​ដកហូត​រក្សា​ទុក​រយៈពេល​០៣​ខែ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ។

លោក​ឧត្តមសេនីយ៍ត្រី សៀ ទី​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់ បញ្ឈប់​សកម្មភាព​បង្ហោះ​ម៉ូតូ ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ព្រោះ​សកម្មភាព​ទាំងនេះ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ព្រួយបារម្ភ និង​ខកចិត្ត​ផង​ដែរ ៕