ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រើ​ល្បិច​ធ្វើ​ជា​ជួល​ផ្ទះ​ស្នាក់​នៅ រួច​លួច​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​១​កាបូប

2 ម៉ោង មុន

​រាជធានី​ភ្នំពេញ​ ៖ លោក​ចោរ​ម្នាក់​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ជួល​ផ្ទះ​ស្នាក់​នៅ​ដោយ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​តម្លៃ​ខ្ពស់ រួច​ឆ្លៀតពេល​ម្ចាស់ផ្ទះ​ភ្លេចខ្លួន​បន្តិច ក៏​ឡើង​ទៅ​លួច​ទ្រព្យសម្បត្តិ មាន​ប្រាក់​ដុល្លារ ប្រាក់​រៀល និង​គ្រឿងអលង្ការ​មាស​​ដែល​ម្ចាស់ផ្ទះ​ដាក់​នៅ​ក្នុង​កាបូប​យួរដៃ​១ ។ បន្ទាប់​មក ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក្រោយ​ពេល​ដឹង​ថា ​បាត់​ទ្រព្យសម្បត្តិ​​ម្ចាស់ផ្ទះ​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។ ពេល​នោះ ​នគរបាល​ខណ្ឌដង្កោ​​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ លុះ​១​ថ្ងៃ​ក្រោយមក ក៏​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ចោរ​ខាងលើ​នោះ​បាន ព្រមទាំង​ដកហូត​ទ្រព្យសម្បត្តិ​មក​វិញ​បាន​ស្ទើរតែ​ទាំងអស់ រួច​ប្រគល់​ជូន​ម្ចាស់​វិញ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​ចំណុច​ផ្ទះ​លេខ​ E៨៨ ​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ​បុរី​ចំការ​ដូង ភូមិ​ថ្មី​ ​សង្កាត់​ដង្កោ​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​ជា​ចោរ​​ឈ្មោះ​ ​ខន​ ​ហ៊ា​ង​ ​ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ជនជាតិ​ខ្មែរ​ ​មុខរបរ​មិន​ពិតប្រាកដ​ ​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ចំការឪឡឹក​២ ​សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។

ដោយឡែក​ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ​ផាត់​ ​ណេ​ង​ ​ភេទ​ស្រី​ ​អាយុ​៨០​ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​មាន​ទីលំនៅ​ផ្ទះ​កើត​ហេ​តុ​ខាងលើ ។ រីឯ​ទ្រព្យសម្បត្តិ​ដែល​ចោរលួច​នោះ​រួម​មាន ប្រាក់​ដុល្លារ​​ចំនួន​៣,៦០០​ដុល្លារ​អា​មេ​រិ​ក, ​ប្រាក់​រៀល​ចំនួន​៦០០,០០០​រៀល​, ​ខ្សែ.​ក​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង​ ​និង​ទូរ​សព្ទ​ដៃ​ម៉ាក​ OPPO ​ពណ៌​ស​០១​គ្រឿង​ ​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ខណៈ​លោកយាយ​ផាត់​ ​ណេ​ង​ ​កំពុង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​ក្នុងផ្ទះ​របស់​គាត់ លោក​ចោរ​ម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA  DREAM C125 ​ពណ៌​ខ្មៅ ពាក់​ស្លា​កល​លេខ​ ​ភ្នំពេញ​ 1HS-4174 ទៅ​ឈប់​នៅ​ជិត​ផ្ទះ​នោះ ។ បន្ទាប់​មក ​ក៏​បាន​ដើរ​ឡើង​តាម​ជណ្តើរ​ចំហៀង​ផ្ទះ​ ​រួច​គោះ​ទ្វារ​ហៅ​លោកយាយ​ ហើយ​សួរនាំ​រក​ជួល​ផ្ទះ​ជាន់​ផ្ទាល់​ដី​ ​ពេល​នោះ​អ្នក​ទាំង​២ (​ចោរ​និង​ម្ចាស់ផ្ទះ​)​ បាន​ច​ចារ​ថ្លៃ​ឈ្នួល​ជាមួយ​គ្នា និង​បាន​ត្រូវរ៉ូវ​គ្នា​ក្នុង​២០០​ដុល្លារ​ក្នុង​១​ខែ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​ត្រូវរ៉ូវ​គ្នា​ លោក​ចោរ​បាន​ប្រាប់​លោកយាយ​ផាត់ ណេ​ង ​ថា​ «​ល្ងាច​ហ្នឹង​ខ្ញុំ​រើ​អី​វាន់​មួយ​ចំនួន​ចូល​មក​ទុក​ហើយ​» ​រួច​ក៏​សុំ​ខ្ចី​អំបោស​ ​និង​​សាប៊ូ​លោកយាយ​ម្ចាស់ផ្ទះ​ ធ្វើការ​បោស​និង​ជូត​សម្អាតផ្ទះ​ថែម​ទៀត​ផង ។ ចំណែក​លោកយាយ​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​ទី​១​វិញ ហើយ​បាន​មួយសន្ទុះ​ក្រោយមក​ ​លោក​ចោរ​ក៏​បាន​ឡើង​ទៅ​តាម​ និង​សុំ​ឲ្យ​លោកយាយ​ម្ចាស់ផ្ទះ​ជួយ​ចាក់សោ​បើកទ្វារ​ក្រោយ​ផ្ទះ​ ​ដើម្បី​បោសសម្អាត​ខាងក្រោយ​ផ្ទះ​នោះ ។

សមត្ថកិច្ច​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា​ ​ខណៈនោះ​ម្ចាស់ផ្ទះ​ក៏​បាន​ដើរ​ចុះ​មក​ជាន់​ផ្ទាល់​ដី ដើម្បី​ចាក់សោ​បើកទ្វារ​ក្រោយ​ផ្ទះ​តាម​សំណូមពរ​លោក​ចោរ ដោយ​លោកយាយ​ភ្លេចខ្លួន មិន​បាន​ចាក់សោ​ទ្វារ​បន្ទប់​នៅ​ជាន់​ទី​១​ឡើយ ។​ ​ដោយឡែក​ ចោរ​រូប​នោះ​ឆ្លៀតឱកាស​លោកយាយ​ម្ចាស់ផ្ទះ​មិន​ប្រយ័ត្ន ក៏​បាន​ចូល​ទៅ​លួច​យក​កាបូប​យួរដៃ​ពណ៌​ខ្មៅ​ដាក់​ទ្រព្យសម្បត្តិ​ខាងលើ ដែល​លោកយាយ​ទុក​នៅ​លើ​ពូក​ក្នុង​បន្ទប់​នោះ រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ដឹងខ្លួន​ថា ​ចោរលួច​ទ្រព្យសម្បត្តិ​អស់ លោកយាយ​ម្ចាស់ផ្ទះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ​ដើម្បី​ឲ្យ​នគរបាល​ជួយ​​អន្តរាគមន៍​ស្វែងរក​ចាប់ចោរ ។ ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ខាងលើ រួម​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០២៦ ​វេលា​ម៉ោង​១៣​ និង​៣០​នាទី​រសៀល​ ​។ កម្លាំង​នគរបាល​ខាងលើ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ ​ធ្វើការ​ឃាត់ខ្លួន​ចោរ​ឈ្មោះ​ ​ខន​ ​ហ៊ា​ង ម្នាក់​នោះ​បាននៅ​ត្រង់​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​TOTAL ​ស្ថិត​នៅ​តាម​មហាវិថី​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ​សង្កាត់​អូរ​បែក​ក្អម​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ភ្លាម​ៗ​​នោះ កម្លាំង​នគរបាល​ទាំង​២​ខណ្ឌ​ខាងលើ​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ HONDA DREAM C125 ​ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 1HS-4174 ​ដែល​ចោរ​នោះ ​ជិះ​ធ្វើ​សកម្មភាព​លួច​ផង​ដែរ ។ បន្ទាប់​មក ​ក៏​បាន​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​នាំ​ខ្លួន​ចោរ​ទៅ​កន្លែង​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ចំការឪឡឹក​២ ​សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ​ខ្សែ​ក មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង​, ​ប្រាក់​ដុល្លារ​ចំនួន៣,៦០០​ដុល្លារ​អា​មេ​រិ​ក ហើយ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ពេល​នគរបាល​សួរនាំ​ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​យួរដៃ​របស់​ជន​រង​គ្រោះ​ ​ដែល​ទុក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​នោះ​មែន ហើយ​នៅ​ក្នុង​កាបូប​នោះ​មាន​ខ្សែ​ក​មាស​ខ្សែ​ទម្ងន់​១​តម្លឹង និង​ប្រាក់​ចំនួន​​៣,៦០០​ដុល្លារ​អា​មេ​រិ​ក ​ ​។ បន្ទាប់​មក ​បាន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​ជួល​របស់​ខ្លួន​ ​ចំណែក​ទូរ​សព្ទ​ដៃ​ម៉ាក​ OPPO ​និង​ប្រាក់​រៀល​ចំនួន​៦០០,០០០​​រៀល​នោះ ​ខ្លួន​មិន​បានឃើញ​នៅ​ក្នុង​កាបូប​យួរដៃ​នោះ​ឡើយ ៕