អាជ្ញាភ្នំពេញសុំឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយអាជ្ញាធរ ក្នុងការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួម ជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការវេចខ្ចប់ និងញែកសំរាម ដោយអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយគោរពពេលវេលា និងកាតព្វកិច្ច តាមរយៈបញ្ចេញសំរាមឱ្យបានទៀងទាត់ តាមម៉ោងពេលកំណត់ មិនបោះសំរាមចោលផ្តេសផ្តាស តាមដងផ្លូវ ឬប្រឡាយ-លូ និងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ។

ការអំពាវនាវរបស់លោក ហួត ហៃ ខាងលើនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈអញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» នៅសួនច្បារតេជោមាស តេជោយ៉ត នៅមុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ។

លោក ហួត ហៃ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានសោភ័ណភាព ស្រស់បំព្រង នឹងមានបរិស្ថានល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ។ ជាក់ស្ដែង សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជាកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗមួយចំនួន លើពិភពលោកបានមកចូលរួមកិច្ចប្រជុំនេះ និងបានឆ្លៀតដើរលេងនៅតំបន់ផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅផ្លូវថ្មីជើងចតុមុខ ដោយថ្នាក់ដឹកនាំទាំងនោះ មិនខ្វល់ពីសន្តិសុខសុវត្ថិភាពឡើយ ។

បន្ថែមពីនេះ ការរៀបចំកិច្ចប្រជុំនេះ ក៏ទទួលបាននូវការកោតសរសើរ ពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាផងដែរ ជុំវិញការរក្សាសន្តិសុខសុវត្ថិភាព និងការសំអាតបរិស្ថាននៅក្នុងរាជធានីភ្នំពេញ ។ លោក ហួត ហៃ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គម កម្ពុជាឱ្យមានបរិស្ថានបៃតងស្អាត និងភាពស្រស់បំព្រង។

លោកបញ្ជាក់ថា ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ប្រឡាយ-ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការពង្រីកសួនច្បារលំហបៃតង រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើ ការគ្រប់គ្រងសំណល់រឹង តាមរយៈការជ្រើសរើសក្រុមហ៊ុនចំនួន៣ ក្នុងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ យកទៅទុកដាក់នៅទីលានទុកដាក់ ។

សកម្មភាពដ៏ផុលផុសនេះ នឹងក្លាយជាចលករជំរុញស្មារតីស្រឡាញ់បរិស្ថានឱ្យជ្រាបចូលទៅ ក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យ ទៅជាទីក្រុងដែលគ្មានសំរាមរាយប៉ាយ មានសោភ័ណភាពស្រស់ បំព្រង ស័ក្តិសមជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែកព័តមាននេះ