ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ពិធី​ដុត​ក្រឡាន​លើ​ចង្ក្រាន​ដ៏​វែង​ប្រវែង​៥០​ម៉ែត្រ​នៅ​វត្ត​ប្រមេ​រុ​ខេត្តព្រះវិហារ

4 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ពិធី​ដុត​ក្រឡាន​លើ​ចង្ក្រាន​ប្រវែង​រហូត​ដល់​៥០​ម៉ែត្រ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅបរិវេណ​វត្ត​ទួល​ឧត្តម ហៅ​វត្ត​ប្រមេ​រុ ស្ថិត​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។


ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ទំហំ​ដ៏​ធំ​នៃ​ការ​រៀបចំ​ចង្ក្រាន​ដុត​ក្រឡាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រំលេច​នូវ​ស្នាដៃ និង​ជំនាញ​ក្នុង​ការ​ផលិត​ក្រឡាន​តាម​បែប​បុរាណ ដែល​ជា​អត្តសញ្ញាណ​ម្ហូប​ប្រពៃណី​ខ្មែរ​មាន​តាំងពី​ដូនតា​មក ។ ជា​ទំនៀមទម្លាប់​ប្រពៃណី ការ​ធ្វើ​ក្រឡាន​ត្រូវការ​ភាព​ប៉ិន​ប្រសប់ និង​បទ​ពិសោធន៍​ក្នុង​ការ​ជ្រើសរើស​វត្ថុធាតុដើម ដោយ​យក​អង្ករដំណើប លាយ​ជាមួយ​ដូង សណ្តែកខ្មៅ អំបិល និង​គ្រឿងផ្សំ​ផ្សេង​ៗ រួច​ច្រកចូល​ក្នុង​បំពង់​ឫស្សី​ដែល​បាន​រៀបចំ​ទុកជា​មុន ។

បន្ទាប់​មក គេ​យក​ទៅ​ដុត​លើ​ភ្លើង​ធ្យូង ឬ​អុស ដោយ​ត្រូវ​យកចិត្តទុកដាក់​លើក​ម្តៅ និងរយៈពេល​ចម្អិន ដើម្បី​ឱ្យ​ក្រឡាន​មាន​រសជាតិ​ឆ្ងាញ់ ឈ្ងុយ​ក្រអូប និង​មាន​វាយនភាព​ទន់ល្មើយ ។ ក្រឡាន​ក៏​ជា​ម្ហូប​ប្រពៃណី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ជនបទ ជា​ពិសេស​ក្នុង​ឱកាស​ជួបជុំ​គ្រួសារ ពិធីបុណ្យ​ប្រពៃណី និង​ពេល​មានកម្ម​វិធី​សហគមន៍ ។
ការ​ចូលរួម​រៀបចំ និង​ផលិត​ក្រឡាន​តាម​បែប​បុរាណ ក៏​ជា​ការ​បង្ហាញ​ពី​ការ​ចែករំលែក​កម្លាំង​ពលកម្ម ការ​ផ្ទេរ​ចំណេះដឹង​ពី​មនុស្ស​ចាស់​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយ និង​ការ​រក្សា​មរតក​វប្បធម៌​ម្ហូបអាហារ​ខ្មែរ​ឱ្យ​បន្ត​រស់​រវើក ។

ជាមួយ​គ្នា​នេះ ការ​រៀបចំ​ព្រឹត្តិការណ៍​ដុត​ក្រឡាន​ទ្រង់ទ្រាយ​ធំ​លើ​ចង្ក្រាន​ប្រវែង ៥០​ម៉ែត្រ​នេះ ក៏​ជា​សក្ខីភាព​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការ​រួមចំណែក​របស់​សហគមន៍​ក្នុង​ការ​អភិរក្ស​ប្រពៃណី​ដូនតា ព្រមទាំង​ជា​ឱកាស​ផ្សព្វផ្សាយ​សក្តានុពល​ទេស​ចរណ៍ និង​អត្តសញ្ញាណ​ម្ហូបអាហារ​ប្រចាំ​តំបន់​របស់​ខេត្តព្រះវិហារ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​សាធារណជន​និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ៕