ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​! ស្រូវ​ក្រអូបនៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ដល់​ពេល​ប្រមូល​ផល​ហើយ លក់​បាន​តម្លៃ​ជាង​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ស្រូវ​ក្រអូប ស្រូវស្រាល ស្រូវ​ដើមរដូវ មាន​ដូច​ជា  ស្រូវផ្កាខ្ញី និង​ស្រូវ​ផ្ការំដួល​ជាដើម ហើយ​ជា​ប្រភេទ​ស្រូវ​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ និង​ជា​ប្រភេទ​ស្រូវ​ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ។ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ចាប់ផ្ដើម​ប្រមូល​ផល​ហើយ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦​ ។

តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ ដោយ​សហការ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ សង្កាត់ បាន​ចុះ​អង្កេត​ទិន្នផល​ស្រូវ​រដូវវស្សា ប្រភេទ​ស្រូវ​ក្រអូប នៅ​តាម​បណ្តា​ឃុំ សង្កាត់ នៃ​ក្រុង ស្រុក ក្នុង​ខេត្តកំពង់ស្ពឺ​ ។

ការ​ចុះ​អង្កេត​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​វាស់វែង​ទិន្នផល​ស្រូវ​ប្រភេទស្រូវ​ក្រអូប ជា​ស្រូវ​យុទ្ធសាស្ត្រ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រភេទ​ស្រូវ​ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ។

ជាក់ស្តែង ក្រុមការងារ​មន្ត្រី​ជំនាញ​ខាងលើ បាន​ចុះ​អង្កេត​ទិន្នផល​ដំណាំ​ស្រូវ​វស្សា​នៅ​ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ និង​ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ទទួល​បាន​លទ្ធផល​៖ ទី​១- កសិករ ឈ្មោះ ឈិ​ន កែវ រស់នៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ដាំ​ដុះ​ស្រូវពូជ​ផ្ការំដួល សរុប​ផ្ទៃដី​១៧​អា ​។

ការ​ជ្រើសរើស​អង្កេត​ទិន្នផល​ចំនួន៣​សំណាក ក្នុង​មួយ​សំណាក៤​ម៉ែត្រការ៉េ សរុប​ស្មើ​និង​១២​ម៉ែត្រការ៉េ ផ្ទៃដី១៧​អា ទទួល​បាន​ទិន្នផល ៦៧៩,៥​គី​ទ្បូ គិត​ជា​មធ្យ ៣,៧៧៥ តោន​ក្នុង​១​ហិ​កតា ។ ស្រូវ​ផ្ការំដួល​សើម លក់​ទៅ​កាន់​ទីផ្សារ​ឈ្មួញ​ក្នុងភូមិ ក្នុង​តម្លៃ​ចន្លោះ​ពី ១០៥០​រៀល​-១០៦០​រៀល​ក្នុង​គីឡូក្រាម ​។

ទី​២-កសិករ ឈ្មោះ សន សុខ រស់នៅ​ក្នុងភូមិ​កាប់​ទូក ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ដាំ​ដុះ​ស្រូវពូជ​ផ្ការំដួល សរុប​លើ​ផ្ទៃដី២១​អាការ​ជ្រើសរើស​អង្កេត​ទិន្នផល​ចំនួន​៣សំណាក ក្នុង​មួយ​សំណាក៤​ម៉ែត្រការ៉េ សរុប​ស្មើ​និង​១២​ម៉ែត្រការ៉េ ផ្ទៃដី ២១​អា ទទួល​បាន​ទិន្នផល ៦៤០,៥​គី​ទ្បូ ក្រាម​គិត​ជា​មធ្យម ៣,០៥០ តោន​ក្នុង​១​ហិ​កតា ស្រូវ​ផ្ការំដួល​សើម លក់​ទៅ​ឱ្យ​ឈ្មួញ​ប្រមូល​ទិញ ក្នុង​តម្លៃ​ចន្លោះ​ពី ១០៧០​រៀល​ទៅ ១១០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ស្រូវ​ក្រអូប ពិសេស ​ស្រូវពូជ​ផ្ការំដួល ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ និង​អាច​បញ្ចប់​ការ​ប្រមូល​ផល​ស្រូវ​ប្រភេទ​នេះ ត្រឹម​ស​ប្តា​ហ៍​ទី​១ នៃ​ខែធ្នូ ឆ្នាំ​២០២៦​ខាង​មុខ​នេះ​ហើយ​។

 មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា​ ជាមួយ​គ្នា​នេះ សូម​គោរព​ជូនដំណឹង​ដល់​បណ្តា​អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី តំណាង​ក្រុមហ៊ុន សហគ្រាស និង​បងប្អូន​អ្នក​ប្រមូល​ទិញ ប្រសិនបើ​មាន​បំណង​ប្រមូល​ទិញ​ប្រភេទ​ស្រូវ​ប្រណីត (​សែន​ក្រអូប​) នេះ អាច​អញ្ជើញ​ទាក់ទង​តាម​សហគមន៍​កសិកម្ម​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ​បាន ៕