ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកង និងខ្ទះត្នោត៦៧ទូក នឹងប្រណាំងនៅស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ វិច្ឆិកា ខាងមុខ!

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ឱ្យ​មានការ​ប្រណាំង​ទូកង អុំ​ប្រណាំង​ខ្ទះត្នោត សរុប​៦៧​ទូក នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​រយៈពេល​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ ខាង​មុខ​នេះ ​។

លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ រាជរដ្ឋាភិបាល​មិន​បាន​រៀបចំ​ព្រះរាជ​ពិធី​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ទេ ដោយ​ទុក​ឱកាស​នេះ​ ឱ្យ​បណ្តា​ខេត្ត​នានា​រៀបចំ​វិញ ​។ ដើម្បី​ធ្វើ​ឱ្យ​ព្រះរាជ​ពិធី​មាន​ភាព​សប្បាយ​រីករាយ និង​មហោឡា​រឹក រដ្ឋបាល​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ បាន​រៀបចំ​ពិធី​នេះ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​មាន​៦៧​ទូក ​ចូលរួម​ប្រណាំង ប្រណាំង​ខ្ទះត្នោត ពិព័រណ៌​ផលិតផល ប្រគំ​តន្ត្រី សម្តែង​សិល្បៈ និង​ផ្ទាំងទស្សនីយភាព​ជា​ច្រើន​ទៀត ហើយ​ក្នុង​នោះ​ក៏​មានការ​បាញ់​កាំជ្រួច​អបអរ​ពិធី​ផង​ដែរ​។

អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទ​សោភ័ណ បាន​លើក​ឡើង​បន្ថែម​ថា សម្រាប់​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ រដ្ឋ​បាល​ខេត្ត នឹង​រៀបចំ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ពិសេស​ធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ និង​ប្លែក​ភ្នែក នូវ​ការ​តុបតែង​លម្អ​របស់​អាជ្ញាធរ​នៅ​តាម​ទី​សាធារណៈ និង​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព ​ក្រោម​ការ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ពី​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​។

អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ អាជ្ញាធរ​ខេត្ត ក៏​ដូច​មន្ទីរ​ពាក់ព័ន្ធ​បាន​និង​កំពុង​ព​ន្លឿ​ន​ការ​តុបតែង​លំអរ​ភ្លើងពណ៌​នៅ​អម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត ដើម្បី​បង្កើន​នូវ​សោភ័ណ​ភាព និង​ទាក់ទាញ​អារម្មណ៍​ទេសចរណ៍​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​ក្នុងឆ្នាំនេះ ក្នុង​នោះ​លោក​ក៏​រំពឹង​ថា នឹង​មាន​អ្នក​ទស្ស​នា​កម្សាន្ត​សប្បាយ ដែល​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ច្រើន​លើសលុប​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​ ។

ទន្ទឹម​នេះ​ អភិបាលខេត្ត​កំពង់ស្ពឺ​ក៏​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​នៅ​តាម​មន្ទីរ​អង្គភាព​របស់​ខ្លួន​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍ និង​គោលដៅ​ដែល​រដ្ឋបាល​ខេត្ត​បាន​ប្រគល់​ឱ្យ ដោយ​ធ្វើ​យ៉ាងណា​ពេល​កម្មវិធី​មក​ដល់ ត្រូវ​រួចរាល់ និង​មិន​មានការ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ​។ ​ពិនិត្យ​និង​រៀបចំ​ការ​ទុកដាក់​សំណល់​
(​សំរាម​)​ឱ្យ​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​ពាស​វាល​ពាស​កាលដែល​ធ្វើ​ឱ្យ​ពិធី​ត្រូវ​បាត់បង់​សោភ័ណ​ភាព​ និង​ភាព​ស្រស់បំព្រង​នៃ​ពិធី​។​

មួយវិញទៀត ដើម្បី​ឱ្យ​ពិធី​ទទួល​បាន​សុខ​សុវត្ថិភាព​ និង​ភាព​សប្បាយ​រីករាយ កម្លាំង​សមត្ថកិច្ច​ទាំង​ពីរ​ប្រភេទ​ត្រូវ​រៀបចំ​និង​ចាត់តាំង​កម្លាំង​ឱ្យ​បាន​រួចរាល់​នៅ​តាម​គោលដៅ​កម្សាន្ត​នានា​ពិសេស​គោលដៅ​ដែល​អសន្តិសុខ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ បាន​សប្បាយ​រីករាយ​រហូត​ព្រះរាជ​ពិធី​ត្រូវ​បាន​បញ្ចប់​៕