រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកសម្ភារចានឆ្នាំងដែកអ៊ីណុកមួយកន្លែង យ៉ាងសន្ធោសន្ធៅ រហូតបណ្តាលឱ្យឃ្លាំងទាំងមូលត្រូវបានបាក់រលំ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣៥នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រោយបុរីសូនី ក្នុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតមានអគ្គិភ័យ គេបានឃើញអណ្តាតភ្លើង និងផ្សែងខ្មៅហ៊ុយយ៉ាងសន្ធោសន្ធៅ ចេញពីចំណុចឃ្លាំងខាងលើ។ ភ្លាមៗនោះ ក៏មានសំឡេងផ្ទុះធុងហ្គាសផងដែរ ប៉ុន្តែសំណាងល្អ ហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងជំនាញរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់ទៅវិញជាស្ថាពរ ។
អគ្គិភ័យនេះ បណ្តាលឱ្យឃ្លាំងស្តុកគ្រឿងចានឆ្នាំងដែកអ៊ីណុកឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងរបួសនោះឡើយ។ ចំណែកឯមូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕







ចែករំលែកព័តមាននេះ