ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ច្បារមន ​ជូនដំណឹង​ហាម​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្នក្នុង​ពិធី​​ប្រណាំងទូក​ក្នុង​ខេត្តកំពង់​ស្ពឺ

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ក្រុង​ច្បារមន កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តីជូនដំណឹង ហាម​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន រយៈពេល​មួយ​ថ្ងៃ​ក្នុង​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ឆ្នាំ​២០២៦​ ។

យោង​តាម​សេចក្តីជូនដំណឹងស្តី​ពី​ការ​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ឆ្នាំ​២០២៦​ ។ រដ្ឋបាល​ក្រុង​ច្បារមន មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា រដ្ឋបាល​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ ​«​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ឆ្នាំ​២០២៦ ដែល​នឹង ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ តាម​បណ្តោយ​​ដងស្ទឹង​ព្រែក​ត្នោត ដើម្បី​បើកឱកាស​ជូន បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​រីករាយ​។

ក្នុង​ឱកាស​នេះ ដើម្បី​ឱ្យ​ពិធី​ខាងលើ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក៏​ដូច​ជា​ការ​បញ្ចៀស​បានការ​កកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ជាយថាហេតុ រដ្ឋបាល​ក្រុង​ច្បារមន សូម​ធ្វើការ​ណែនាំ ដូច​ខាងក្រោម​៖ បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ ធ្វើ​ដំណើរ​ឆ្លងកាត់ ស្ពានថ្ម​មុខ​វិមាន​ឯករាជ្យ​ខេត្ត រយៈពេល​១​ថ្ងៃ​ពេញ គឺ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ មិន​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​បរិវេណ​ផ្សារ​រាត្រី​កំពង់ស្ពឺ ធ្វើ​ចរាចរ​ចេញចូល​ចាប់ពី​ម៉ោង ១២:០០​នាទី​ត្រង់ រហូត​ដល់​បញ្ចប់​ពិធី នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ ។

អនុញ្ញាត​ឱ្យ​សាធារណជន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បានជា​ធម្មតា ។ ​ចំពោះ​យានយន្ត ត្រូវ​បង្វែ​រទិស​ដៅ​ឆ្លងកាត់​តាម​ស្ពានថ្ម​រង្វង់​មូល​ផ្លែ​ត្នោត និង​រង្វង់​មូល​ផ្លែ​ស្ពឺ​វិញ​ផុតកំណត់​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង​ច្បារមន នឹង​បើក​ឱ្យ​សាធារណជន ទាំងអស់ ធ្វើ​ដំណើរ​ជា​ធម្មតា​ឡើង​វិញ​ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីជូនដំណឹង​នេះ អធិការដ្ឋាន​នគរបាល​ក្រុង មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​៕