សម្តេចធិបតី៖ កម្ពុជាមិនត្រឹមតែជាប្រទេសពឹងផ្អែកពីការនាំចូលទេ តែត្រូវជាប្រទេសដែលផ្គត់ផ្គង់ខ្លួនឯង និងជាប្រទេសដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាត្រូវតែជាប្រទេសដែលត្រឹមតែមិនអាចថា ប្រែពីប្រទេសដែលពឹងផ្អែកពីការនាំចូល ទៅជាប្រទេសដែលផ្គត់ផ្គង់ខ្លួនឯងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាប្រទេសដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារអន្តរជាតិទៅលើផ្នែកមួយចំនួនថែមទៀត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធី«បើកពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និបាទពិព័ណ៌កោះពេជ្រ ថា សហគ្រាសធុនមីក្រូ តូច មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិទាំងមូល ។
សម្តេចធិបតីបានលើកឡើងថា នៅក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវផ្ដោតលើសមត្ថភាពការផលិតទំនិញផ្ដល់សេវាការប្រកួតប្រជែង ។ កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ខាងមុខ ដូច្នេះ ការផ្លាស់ប្ដូរឋានៈនេះ មានជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើងត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ ។ ដូច្នេះ ការកែលំអគុណភាពផលិតផល ការពង្រឹងប្រសិទ្ធភាពផលិតកម្ម ការបង្កើនផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងការពង្រីកទីផ្សារ ការ… ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និងការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុកឱ្យសម្រេចបោះទុនវិនិយោគ ខិតខំផលិតឱ្យបានច្រើន រំពឹងឈរជើងលើទីផ្សារ ពុះពារទៅដោយការប្រកួតប្រជែង ។
សម្តេចធិបតីបានគូសបញ្ជាក់ថា «ទោះជាយ៉ាងណា ម្ចាស់រោងចក្រសហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព សុវត្ថិភាព ស្តង់ដារ ថ្លៃសមរម្យ និយាយរួម គឺការគុណតម្លៃ និងទំនុកចិត្តនៃផលិតផល ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ ជ្រើសរើសប្រើប្រាស់ជាប្រចាំ»។
សម្តេចបានឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលំអបរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបានសិក្សា និងគ្រោងដាក់ចេញនូវទីមួយអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូចមធ្យម ដើម្បីជួយសម្រួលដល់ការដំណើរការក្នុងការគ្រប់គ្រងអាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្ដើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម ។
ទីពីរ អនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសហគ្រាសធុនមីក្រូ តូច មធ្យម ឱ្យអាចងើបឡើង ឈរជើង និងដើរបានលឿនតាមរយៈការយន្តការលើកទឹកចិត្តទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដោយផ្ទាល់និងដោយប្រយោល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការជាវិធាននៃប្រព័ន្ធតួអង្គតែមួយ សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងភាពប្រាកដប្រជានិយម ។
សម្តេចបន្ថែមថានិយាយជារួម គឺការអភិវឌ្ឍវិស័យឯកជននិយាយដោយឡែក គឺ MSME អាចពឹងទៅលើការបង្កើតចំនួនអាជីវកម្ម ក៏មិនអាចពឹងទៅលើការបង្កើនចំនួនអាជីវកម្ម ឬការផ្ដល់ហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដោតលើការបង្កើនផលិតភាព គុណភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែង វិស័យសហគ្រាសបន្តរស់នៅគ្រប់កាលៈ។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា៖ «អ៊ីចឹងបានន័យថា សមត្ថភាពកម្ពុជាមិនមែនតែផលិតរបស់របរដែលប្រើប្រាស់ជំនាញទាប ឬគុណភាពទាប យើងឈានទៅដល់ការផលិតនៅក្នុងគ្រឿងអេឡិចត្រូនិក ។ ហើយនីមួយៗខ្ញុំឃើញថា ការអបអរសាទរចំពោះជោគជ័យរបស់គាត់ ហើយប៉ុន្តែសំខាន់បំផុត គឺគាត់មិនត្រឹមតែអបអរសាទរទៅជោគជ័យដែលគាត់បាន ហើយសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែសុទ្ធតែមានចក្ខុវិស័យ បានចក្ខុវិស័យក្នុងការពង្រីកខ្លួន ពង្រឹងខ្លួន ចក្ខុវិស័យនៅក្នុងការពង្រីកខ្លួន មិនត្រឹមតែក្នុងតំបន់ចែកចាយទៅដល់តំបន់ មិនត្រឹមតែទីផ្សារកម្ពុជាទេ ហើយនេះយើងត្រូវមានមហិច្ឆតាបែបនេះ ប្រទេសយើងត្រូវតែជាប្រទេសដែលត្រឹមតែមិនអាចថាប្រែពីប្រទេសដែលពឹងផ្អែកពីការនាំចូល ទៅជាប្រទេសដែលផ្គត់ផ្គង់ខ្លួនឯងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាប្រទេសដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារអន្តរជាតិទៅលើផ្នែកមួយចំនួនថែមទៀត» ៕

ចែករំលែកព័តមាននេះ