ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់ទីតាំងរួចរាល់! ស្រុកព្រៃកប្បាស អង្គរបូរី បាទី និងសំរោង ត្រៀមរៀបចំប្រណាំងទូកអបអរព្រះរាជពិធីបុណ្យអុំទូក

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្រុក​ចំនួន​៤​របស់​ខេត្តតាកែវ រួម​មាន ស្រុក​សំរោង ស្រុក​ព្រៃកប្បាស ស្រុក​អង្គរ​បូ​រី និង​ស្រុក​បាទី បាន​និង​កំពុង​រៀបចំ​ពិធី​ប្រណាំងទូក ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៦ ខាង​មុខ​នេះ ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ និង​រក្សា​ប្រពៃណី​ជាតិ ។

យោង​តាម​ព័ត៌មាន​ពី​អាជ្ញាធរ​ស្រុក​ទាំង​៤ ក្នុង​នោះ ទីតាំង​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​តាម​ស្រុក​ទាំង​៤ រួម​មាន​៖

១-​ស្រុក​ព្រៃកប្បាស​៖ រៀបចំ​នៅ​វត្ត​ចារ (​ឃុំ​ចារ​) ដែល​មាន​ទូក​ចូលរួម​ចំនួន​១៩​ទូក និង​នៅ​វត្ត​កំពែង (​ឃុំ​កំពែង​) ដែល​មាន​ទូក​ចូលរួម​ចំនួន​២៤​ទូក (​ស្មើ​១២​គូ​) ។

២-​ស្រុក​អង្គរ​បូ​រី ៖ រៀបចំ​នៅ​វត្ត​កំពង់ហ្លួង (​ឃុំ​អង្គរ​បូ​រី​) មាន​ទូក​ចូលរួម​ចំនួន​៦​ទូក នៅ​វត្ត​កោះ​(​ឃុំ​បា​ស្រែ​) មាន​ទូក​ចូលរួម​ចំនួន​១៦​ទូក និង​នៅ​ទំនប់​ព្រែក​ច្រាច់ (​ឃុំ​ពន្លៃ​) មាន​ទូក​ចូលរួម​ចំនួន​៧​ទូក ។

៣-​ស្រុក​បាទី ៖ រៀបចំ​នៅ​វត្ត​ប្រាសាទស្រះកែវ (​ភូមិ​មាន​ជ័យ ឃុំ​ក្រាំង​លាវ​) នៅ​ថ្ងៃ​ទី​២៤-២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដែល​មាន​ទូក​ចូលរួម​ចំនួន​១២​គូ (​ស្មើ​២៤​ទូក​) ។

៤-​ស្រុក​សំរោង​មាន​រៀបចំ​ការ​ប្រណាំងទូក​ចំនួន​០២​ក្នុងស្រុក​សំរោង ខេត្តតាកែវ ផងដែរ ។

ពិធី​ប្រណាំងទូក​ទាំងនេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វប្បធម៌ ប្រពៃណី​ទំនៀម ទម្លាប់​ជាតិ បង្កើត​បរិ​យាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​តាម​មូលដ្ឋាន ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មការ​រៀបចំ សូម​គោរព​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ចូលរួម​ទស្ស​នា និង​កម្សាន្ត​សប្បាយ​ឱ្យ​បាន​ច្រើន​កុះករ ៕