ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតពលករមកពីថៃ និងពលរដ្ឋជាង ១ម៉ឺន ៥ពាន់ ៥រយនាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិត

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៥ ៥៧៥នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ អ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមានចំនួន១៤ ៥៩៨នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតមានចំនួន៩៧៧នាក់។

 អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសាបានបញ្ជាក់ថា៖ «លទ្ធផលនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ក្នុងការផ្តល់ឱកាសឱ្យបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ និងប្រជាពលរដ្ឋ អាចយកជំនាញ និងបទពិសោធន៍ការងារដែលមានស្រាប់ មកធ្វើតេស្តទទួលស្គាល់ជាផ្លូវការ ដើម្បីបង្កើនតម្លៃជំនាញ បើកឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ»។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងពលរដ្ឋទូទៅ ដើម្បីប្រែក្លាយបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្របញ្ជាក់សមត្ថភាពសម្រាប់អ្នកធ្វើតេស្តជាប់ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស១០០%។ 

បច្ចុប្បន្ន កម្មវិធីនេះកំពុងអនុវត្តជំហានទី២ ដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈជំហានទី១បានបញ្ចប់ដោយមានអ្នកធ្វើតេស្តប្រមាណ១ម៉ឺននាក់។ ក្នុងជំហានទី២នេះ មុខជំនាញសម្រាប់ធ្វើតេស្តមានចំនួន១៥ ក្នុងនោះ១៣ជំនាញសម្រាប់អតីតពលករមកពីថៃ និង២ជំនាញសម្រាប់ពលរដ្ឋទូទៅ។ ជំនាញសម្រាប់អតីតពលកររួមមាន ការងារកំបោរ ការងារការ៉ូ ការងារដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការលាយបាយអនិងបេតុង និងការងារដំបូលជាដើម។ ដោយឡែក ជំនាញទាំង២សម្រាប់ពលរដ្ឋទូទៅ គឺការឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារបានអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព សូមចុះឈ្មោះធ្វើតេស្ត RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានការវាយតម្លៃ និងការបញ្ជាក់សមត្ថភាពរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីព សំដៅលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង៕ អត្ថបទសហការ