ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីស៊ីល និង​ដ្រូន​​រុស្ស៊ី​ហោះ​រំលង​ដែន​អាកាស​អ៊ុយ​ក្រែន​ឆ្លង​ដែន​ចូល​ប៉ូឡូញ ​ខណៈ​ដែល​ប្រទេស​នេះ​រៀប​ចំ​លំហាត់​យោធា​អឺរ៉ុប

32 វិនាទី មុន

ទី​ក្រុង​វ៉ាសូវី៖ មីស៊ីល​របស់​រុស្ស៊ី​២​គ្រាប់​​ និង​ដ្រូន​មួយ​គ្រឿង​​ហោះ​ចូលទឹក​ដី​​​ប៉ូឡូញ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​មួយ​ ដល់​ថ្នាក់​​​នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ​ថ្លែង​ថា​នេះ​អាច​ជា​ចេត​នា​របស់​​រុស្ស៊ី​​ក្នុង​ការ​បញ្ជូន​ទៅ​​ដើម្បី​បង្ក​ហេតុ​ ឬ​ធ្វើ​តេស្ត​ភាព​អត់​ធ្មត់​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​។ គួរ​កត់​សម្គាល់​​​ថា​ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​កង​ទ័ព​អឺរ៉ុប​កំពុង​ហាត់​សម​​​នៅ​ប៉ូឡូញ​​​ដើម្បី​រៀប​អេគីប​យោធា​សម្រាប់​ការ​ពារ​សន្តិ​សុខ​របស់​អ៊ុយ​ក្រែន​ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។

​ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំ​ពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​កាល​ពី​ពេល​អធ្រាត្រ​​ ហើយ​ដែល​អ៊ុយ​ក្រែន​ជា​ប្រទេស​ជិត​ខាង​របស់​ប៉ូឡូញ​ទៅ​ទៀត​។ ស្ថាន​ការណ៍​វិវត្ត​ថ្មី​នេះ​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​រវាង​អឺរ៉ុប​ និង​រុស្ស៊ី​ ខណៈ​ដែល​​អាមេរិក​បន្ត​​ខិត​ខំ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ លោក​ដូណាល់​ទូស (Donald Tusk) យល់​ថា​មិន​ដែល​នៅសុខ​ៗ​មីស៊ីល​ផង ដ្រូន​ផង​ហោះ​ចូល​ដោយ​ចិត្ត​ឯង​នោះ​ទេ​, វា​ហាក់​ដូច​ជា​​ចេត​នា​របស់​រុស្ស៊ី​តែ​ម្ដង​។

​ទី​ក្រុង​​ម៉ូស្គូ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឆ្លើយ​ឆ្លង​ទៅ​លើ​រឿង​នេះ​ទេ​ ហើយ​ក៏​មិន​និយាយ​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​ហាត់​សម​របស់​យោធា​អឺរ៉ុប​នោះ​ដែរ​។ ​មីស៊ីល​របស់​រុស្ស៊ី​មួយ​គ្រាប់​ធ្លាក់​នៅ​ចម្ងាយ​ប្រហែល​៣៥​គី​ឡូ​ម៉ែត្រ​ពី​ទី​តាំង​ដែល​ពួក​អឺរ៉ុប​កំពុង​​ហាត់​សម​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​រូប​។ មីស៊ីល​បណ្ដែត​ម៉ាក​ខេ​អេច​១០១ (Kh-101) ហោះ​ហួស​ព្រំ​ដែន​អ៊ុយ​ក្រែន​៥០​គីឡូ​ម៉ែត្រ​ចូល​ទឹក​ដី​ប៉ូឡូញ​ ខណៈ​ដែល​​​ដ្រូន​បំពាក់​​ម៉ាស៊ីន​កម្លាំង​ខ្លាំង១​​គ្រឿង​ហោះ​ហួស​ព្រំ​ដែន​អ៊ុយ​ក្រែន​៣០​គីឡូ​ម៉ែត្រ​។

មិន​មាន​សេចក្ដី​រាយ​ការណ៍​ថា​​មីស៊ីល និង​ដ្រូន​​នោះ​បង្ក​ការ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ ឬ​បណ្ដាល​ឱ្យ​​ស្លាប់​ និង​របួស​​មនុស្ស​នោះ​ទេ​។ កង​ទ័ព​អឺរ៉ុប​ចូល​រួម​​ការ​ហាត់​សម​រយៈ​ពេល​២​អាទិត្យ​ដោយ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ នៅ​ប្រទេស​ប៉ូឡូញ​ភាគ​ឦសាន​។ ពួក​គេ​ត្រៀម​ទៅបំពេញ​បេសក​កម្ម​​នៅ​​​អ៊ុយ​ក្រែន​ក្រោយ​ពេល​ចប់​សង្គ្រាម​ដើម្បី​រក្សា​ស្ថិរ​ភាព​​នៅ​ប្រទេស​នេះ​ផង និង​ដើម្បី​​កសាង​ប្រទេស​នេះ​​ឡើង​វិញ​ផង​។

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ដែល​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ស៊ឹន​ចិន ប្រទេស​ចិន លោក​​​ត្រាំ​បាន​ជួប​គ្នា​ត្រី​ភាគី​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន និង​រុស្ស៊ី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ នេះ​បើ​​​តាម​លោក​ស្ទីវ​វីត​ខូស​ដែល​ជា​បេសក​ជន​ពិសេស​របស់​អាមេរិក​។ នៅ​ចំពោះ​មុខ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប ​កូន​ប្រសា​របស់​លោក​ត្រាំ​​មាន​ជំនឿ​ថា​​​រុស្ស៊ី​មិន​យល់​ទាស់​​ទៅ​នឹង​​ការ​​ធានា​សន្តិ​សុខ​​អ៊ុយ​ក្រែន​ដោយ​យក​ម៉ូដែល​តាម​អង្គ​ការ​ណាតូ​​ទេ​។ បើ​​ជា​ការ​ពិត​​ វា​​អាច​ជា​ការ​ធ្វើ​សម្ប​ទាន​មួយ​ពី​សំណាក់​រុស្ស៊ី​សម្រាប់​ការ​ចរ​ចា​។ ផ្ទុយ​ទៅ​វិញ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​រីយ៉ាប​កោហ្វ​ បញ្ជាក់​ឡើង​វិញ​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​រាល់​ទម្រង់​នៃ​ការ​ធានា​សន្តិ​សុខ​ដោយ​យក​ស្ទីល​តាម​ណាតូ​៕ ប្រភព៖ Reuters​