ទីក្រុងញូដេលី៖ មនុស្សយ៉ាងតិច១១នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងជាង១៨០នាក់ចូលសម្រាកនៅមន្ទីរពេទ្យដោយសាររឿងទទួលស្រាលាយសារធាតុពុល (ឧទាហរណ៍ដូចជាអង់ទ្រីនជាដើម) ដើម្បីធ្វើឱ្យស្រាមានរសជាតិខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅរដ្ឋម៉ានីពុរៈ (Manipur) នៃប្រទេសឥណ្ឌាភាគឦសាន។ លោកយំណាម ខេមចាន់ ស៊ីញ (Yumnam Khemchand Singh) ជាប្រធានក្រុមប្រឹក្សារដ្ឋ បានសរសេររៀបរាប់នៅក្នុងសេចក្ដីជូនដំណឹងថាជនរងគ្រោះធ្លាក់ខ្លួនឈឺមួយរំពេចបន្ទាប់ពីពួកគាត់ទទួលទានស្រាស។ មនុស្សកាន់តែច្រើនឡើងចូលសម្រាកព្យាបាលអាការៈជំងឺរបស់ពួកគាត់នៅមន្ទីរពេទ្យ២កន្លែង។

រហូតមកទល់នឹងពេលនេះ អ្នកជំងឺកើនឡើងដល់ជាង១៨០នាក់ហើយ ខណៈដែលអ្នកស្លាប់កើនឡើងដល់១១នាក់។ ពោលគឺត្រឹមតែរយៈពេល៤៨ម៉ោងប៉ុណ្ណោះ។ លោកបានចេញបញ្ជាឱ្យសមត្ថកិច្ចចុះស្រាវជ្រាវសំណុំរឿងនេះជាបន្ទាន់។ អ្នកទទួលខុសត្រូវនៅក្នុងរឿងនេះត្រូវតែចាប់ខ្លួន និងដាក់ទោសទណ្ឌឱ្យស័ក្ដិសមទៅនឹងទង្វើរបស់ពួកគេ។ ជាការពិត នៅប្រទេសឥណ្ឌាមានករណីពុលស្រា និងស្លាប់ជាបន្តបន្ទាប់។ ដំណឹងនេះចុះផ្សាយជាហូរហែមិនមែនទើបតែពេលនេះទេ ហើយវាសឹងតែក្លាយជារឿងសាមញ្ញទៅហើយ។ មូលហេតុដោយសារស្រាសលក់ធូរថ្លៃ ហើយកំបាំងភ្នែកពីអាជ្ញាធរដែលជាអ្នកត្រួតពិនិត្យគុណភាពទំនិញទៅទៀត។

ស្រាប្រភេទនេះត្រូវគេជាតិមេតាណុលដែលជាសារធាតុពុល ហើយត្រូវគេប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មតែប៉ុណ្ណោះ។ គ្រឿងស្រវឹងទូទៅផ្ទុកជាតិអេតាណុលដែលជាសារធាតុមិនបង្កគ្រោះថ្នាក់ទេប្រសិនបើផឹកស្រាចេះប្រមាណខ្លួន។ ប៉ុន្តែស្រាដែលផឹកហើយធ្វើឱ្យប៉ះពាល់សុខភាពភ្លាមៗរហូតដល់ធ្លាក់ខ្លួនឈឺ ឬស្លាប់ដូចករណីខាងលើនេះសំដៅលើស្រាផ្ទុកសារធាតុមេតាណុល។ សារធាតុនេះធ្វើឱ្យពិការភ្នែកមួយជីវិត ឬបាត់បង់ជីវិតតែម្ដង។ បើមិនដល់ថ្នាក់ពិការភ្នែកក៏ស្រវាំងភ្នែកផងដែរ។ កាលពីខែឧសភា មនុស្សយ៉ាងតិច១៥នាក់ទទួលមរណភាពបន្ទាប់ពីពួកគាត់ផឹកប៉ះចំស្រាសលាយសារធាតុមេតាណុល។ ហេតុការណ៍នេះកើតឡើងនៅទីក្រុងពូនី (Pune) និងទីក្រុងពីមព្រី-ឈីនឆ្វាល់ (Pimpri-Chinchwad) នៃរដ្ឋមហារាស្ត្រ (Maharashtra)។

ក្រោយមក នៅខែសីហា មនុស្ស១៣នាក់ស្លាប់ និងជាង៦០នាក់ធ្លាក់ខ្លួនឈឺស្ទើរស្លាប់ស្ទើររស់នៅរដ្ឋគជរដ្ឋ (Gujarat) បន្ទាប់ពីពួកគាត់ផឹកប៉ះចំស្រាលាយមេតាណុល។ ស្រាប្រភេទនេះត្រូវគេនិយមផឹកណាស់ទូទាំងប្រទេសឥណ្ឌា។ ស្រាមួយដបលក់ចេញជួនកាលមិនដល់មួយដុល្លារផង។ សារធាតុមេតាណុលត្រូវពួកឈ្មួញដាក់លាយនៅក្នុងស្រា ឬជួនកាលមិនបាច់បិតស្រាទេ ពួកគេយកទឹកសុទ្ធកូរជាមួយមេតាណុល បង្កើតបានជាស្រាសតែម្ដង។ សារធាតុនេះបើផឹកចូលទៅក្នុងខ្លួន វានឹងធ្វើឱ្យងងឹតភ្នែកជាបណ្ដោះអាសន្ន ឬជារៀងរហូត, ធ្វើឱ្យខូចថ្លើម និងនៅក្នុងករណីផឹកច្រើនជ្រុលអាចស្លាប់តែម្ដង៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ