ខេត្តព្រះសីហនុ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង២២:២០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យ និងធ្វើការឆែកឆេរទីតាំង ចំនួន០៣ (ផ្ទះវីឡា, ផ្ទះល្វែង និងខុនដូ) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងរកឃើញ ជនបរទេស ចំនួន ១១នាក់ (ស្រី ០១នាក់) ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ជនបរទេស ទាំង១១នាក់ក្នុងនោះ ៖
-ចិន ចំនួន ០៤នាក់ (ប្រុស)
-ឥណ្ឌា ចំនួន ០១នាក់ (ប្រុស)
-ប៉ាគីស្ថាន ចំនួន ០៦នាក់ (ស្រី ០១នាក់)
ចាប់ដកវត្ថុតាងដកហូត ៖
-ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៨គ្រឿង
-ទូរសព្ទ Online ចំនួន ២០គ្រឿង
-កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង
-លិខិតឆ្លងដែន ចំនួន ០៨ក្បាល
-បណ្ណការងារ ចំនួន ០១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តអនុវត្តតាមនីតិវិធី៕








ចែករំលែកព័តមាននេះ