ទីក្រុងម៉ានីឡា៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែ នីវហ្គីនី (Air Niugini) ដែលដឹកមនុស្សសរុប១៤៦នាក់ រួមមានអ្នកដំណើរ អាកាសយានិក និងបុគ្គលិកក្រុមហ៊ុន បានចុះចតជាបន្ទាន់នៅប្រទេសហ្វ៊ីលីពីនដោយសុវត្ថិភាពដោយមិនបណ្ដាលឱ្យនរណាម្នាក់មានរបួសស្នាមអ្វីទេ។ យន្តហោះនេះចាកចេញដំណើរពីទីក្រុងហុងកុងឆ្ពោះទៅប្រទេសប៉ាពួ ញូ ហ្គីណេ (Papua New Guinea)។ កំពុងហោះហើរនៅលើអាកាសសុខៗ យន្តហោះក៏ចុះចតនៅក្នុងគ្រាអាសន្ន ទំនងជាដោយសារការឆេះម៉ាស៊ីនមួយចំហៀង។ នេះបើតាមការសន្និដ្ឋានរបស់មន្ត្រីបម្រើការផ្នែកអាកាសចរណ៍ស៊ីវិលហ្វ៊ីលីពីន។

នៅក្នុងចំណោមអ្នកដំណើរ១៣៧នាក់ មិនមានសេចក្ដីរាយការណ៍ថាមាននរណាម្នាក់រងរបួសទេ។ ចំណែកបុគ្គលិកក្រុមហ៊ុន៩នាក់ក៏សុខសប្បាយទាំងអស់គ្នាផងដែរ។ ពួកគេចុះតាមជណ្ដើរសម្រាប់ប្រើប្រាស់នៅក្នុងគ្រាអាសន្នបន្ទាប់ពីយន្តហោះបន្ទាបខ្លួនដល់ដីនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាវ៉ៅ (Davao)។ អាកាសយានិកទាំង២រូបរាយការណ៍ថាពួកគេមើលតាមប្រព័ន្ធត្រួតពិនិត្យការហោះហើរឃើញម៉ាស៊ីនយន្តហោះខាងស្ដាំឆេះបែកផ្កាភ្លើងព្រាកៗ។ ពួកគេក៏អនុវត្តនីតិវិធីរក្សាសុវត្ថិភាពសម្រាប់ការហោះហើរ និងបោះដៃទៅហ្វ៊ីលីពីនដើម្បីជូនដំណឹងអំពីការស្នើសុំចុះចតជាបន្ទាន់។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលហ្វ៊ីលីពីន លោកអេរីក អាប៉ូឡូនីញ៉ូ (Eric Apolonio) ថ្លែងដោយសង្ខេបៗដូចខាងលើនេះ ដោយមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយទេ។ អាជ្ញាធរនឹងបើកការស៊ើបអង្កេតដោយដាក់បញ្ចូលនូវអ្វីដែលអាកាសយានិកបាននិយាយរៀបរាប់នៅក្នុងកំណត់ហេតុរបស់ខ្លួន។ ក្រោយពេលចុះចត គេបាននាំអ្នកដំណើរ និងបុគ្គលិកទៅកន្លែងរង់ចាំ និងផ្ដល់ជូននូវការគាំទ្រផ្សេងៗទៅតាមតម្រូវការជាក់ស្ដែង ព្រមទាំងផ្ដល់កន្លែងស្នាក់នៅនៅក្នុងបន្ទប់សណ្ឋាគារថែមទៀតផង។ រហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើយន្តហោះនោះទទួលរងការខូចខាតអ្វីខ្លះទេ។

អាកាសយានដ្ឋានទីក្រុងដាវ៉ៅត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នដើម្បីជួយសម្រួលផ្លូវឱ្យយន្តហោះដែលប្រឈមនឹងបញ្ហាបន្ទាន់នោះអាចចុះចតនៅក្នុងគ្រាអាសន្នឱ្យបានចប់ចុងចប់ដើមជាមុនសិន។ ហេតុដូច្នេះ ជើងហោះហើរនៅក្នុងស្រុកចំនួន២ខ្សែដែលត្រូវហោះពីខាងក្រៅចូលព្រលានយន្តហោះនេះត្រូវលុបចោលគម្រោងចុះចតរបស់ខ្លួន។ ក្រោយមក ព្រលានយន្តហោះបើកដំណើរការជាធម្មតាឡើងវិញបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពនៅផ្លូវហោះហើរ៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ