ទឹកទន្លេមេគង្គនៅកម្ពុជា ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម ជលផល និងជីវភាពប្រជាពលរដ្ឋរាប់លាននាក់ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ថា មានគុណភាពល្អ និងល្អណាស់ ដោយមិនរកឃើញសារធាតុលោហៈធ្ងន់បង្កគ្រោះថ្នាក់ឡើយ។ លទ្ធផលនេះផ្អែកលើការត្រួតពិនិត្យគុណភាពទឹកនៅតាមដងទន្លេមេគង្គ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦។
ការវិភាគនេះធ្វើឡើងដោយមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក សហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង៧ ដោយបានយកសំណាកទឹកសរុប១១០សំណាក នៅទីតាំងចំនួន១១។ លទ្ធផលបង្ហាញថា គ្រប់ទីតាំងទាំងអស់មិនមានវត្តមានលោហៈធ្ងន់បង្កគ្រោះថ្នាក់ ដូចជា កាដ្យូម ក្រូម សំណ បារត អាសេនិច ទង់ដែង និងនីកែលនោះទេ។
ក្នុងចំណោមទីតាំងទាំង១១ មាន២ទីតាំងទទួលបានចំណាត់ថ្នាក់ «ល្អណាស់» គឺតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង និងតំបន់ពាមជរ ខេត្តព្រៃវែង ដែលមានពិន្ទុចាប់ពី៩៧,៥ ដល់៩៨,៩។ ចំណែក៩ទីតាំងផ្សេងទៀត ទទួលបានចំណាត់ថ្នាក់ «ល្អ» ដោយមានពិន្ទុចាប់ពី៩៣,៥ ដល់៩៤,៩ រួមមានទីតាំងក្នុងខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្ដាល និងព្រៃវែង។
ជារួម លទ្ធផលត្រួតពិនិត្យនេះបង្ហាញពីស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅកម្ពុជាថា ស្ថិតក្នុងកម្រិតល្អ និងមិនមានការរកឃើញការបំពុលដោយសារធាតុលោហៈធ្ងន់នៅតាមទីតាំងដែលបានពិនិត្យ។ នេះជាលទ្ធផលវិជ្ជមានសម្រាប់ការគ្រប់គ្រង និងថែរក្សាធនធានទឹក ដែលមានសារៈសំខាន់ចំពោះសន្តិសុខស្បៀង និងជីវភាពប្រជាពលរដ្ឋ៕


ចែករំលែកព័តមាននេះ