ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង ដែល​បើករថយន្ត​រារាំង​ចរាចរណ៍​ នៅ​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ត្រូវ​តុលាការ​ចេញ​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​ផ្ទាល់

14 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ករណី​បើកបរ​រថយន្ត​មួយ​គ្រឿង បង្ក​ការ​ភ្ញាក់ផ្អើល និង​ការ​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ នៅ​ចំណុច​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្ថិត​ក្នុង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​រួច​មក នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ បញ្ជាក់​អំពី​ចំណាត់ការ​តាម​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់​លើ​ករណី​នេះ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​បំភ្លឺ​របស់​សមត្ថកិច្ច និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣​និង​៣០​នាទី នៅ​ចំណុច​រង្វង់​មូល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។

ជនសង្ស័យ​មានឈ្មោះ សរ សុ​ជាតិ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​រាយការណ៍​ថា មានមុខ​តំណែង​ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ISUZU D-MAX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្ទឹង​ត្រែង 2B-1717 បង្ក​ឱ្យ​មានការ​រំខាន រារាំង​ដល់​ការ​ធ្វើ​ដំណើរ​ផ្សេង​ៗ មិន​ហ៊ាន​ជិះ​មក​ជិត​ខ្លួន ដែល​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ។

ភ្លាម​ៗ​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុ​តាង​រថយន្ត រួច​កសាង​សំណុំរឿង​បញ្ជូន​មក​កា​រិ​យ​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ការ​ពិត មុន​នឹង​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​មក​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។

ជុំវិញ​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រោយ​ពី​បាន​ពិនិត្យ​សំណុំរឿង សាកសួរ​យក​ចម្លើយ​ជនសង្ស័យ និង​ពិនិត្យ​ភស្តុ​តាង​រួច តំណាង​អយ្យការ​បាន​សម្រេច​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សរ សុ​ជាតិ តាម​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​លេខ​៖ ២០១៨ អ​.​យ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ រារាំង ឬ​ប្រើប្រាស់​មធ្យោបាយ​ណាមួយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ៨០ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។

គួរ​រំលឹក​ថា ហេតុការណ៍​នេះ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​ដោយសារ​អ្នក​ពាក់ព័ន្ធ​ជា​មន្ត្រីរាជការ​ដែល​កាន់​តួនាទី​ជា​អនុប្រធាន​មន្ទីរ​មួយ​ក្នុង​ខេត្ត​។ ការ​ចេញ​សេចក្តី​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង នា​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ពី​តម្លាភាព បញ្ជាក់​ការ​ពិត បញ្ចៀស​ការ​បកស្រាយ​ខុស និង​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕