ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករខេត្តសៀមរាបទទួលផ្ទះសំណាញ់៨៩ខ្នង ជំរុញការដាំបន្លែសុវត្ថិភាព និងបង្កើនប្រាក់ចំណូល

14 ម៉ោង មុន

ខេត្តសៀមរាប៖ កសិករនៅខេត្តសៀមរាបនឹងទទួលបានឱកាសពង្រីកការដាំដុះបន្លែសុវត្ថិភាព និងបង្កើនប្រាក់ចំណូល តាមរយៈការផ្តល់ផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣។ ពិធីប្រគល់ និងទទួលនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្មទំនើបសសី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង PEARL។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ការផ្តល់ផ្ទះសំណាញ់នេះមានគោលបំណងជំរុញផលិតកម្មបន្លែសុវត្ថិភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពកសិករ។ លោកក៏បានណែនាំឱ្យសហគមន៍ចេះគ្រប់គ្រង និងប្រើប្រាស់ផ្ទះសំណាញ់ឱ្យមានប្រសិទ្ធភាព អនុវត្តបច្ចេកទេសដាំដុះល្អ និងពង្រឹងសាមគ្គីភាព ដើម្បីធានានិរន្តរភាពផលិតកម្ម។

ជាមួយគ្នានេះ ខេត្តសៀមរាបមានសក្តានុពលក្នុងការផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាពិសេសតម្រូវការក្នុងវិស័យទេសចរណ៍។ ដូច្នេះ សហគមន៍ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនកិច្ចសហការដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ប្រជាកសិករ។

ការគាំទ្រនេះជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអង្គការ FAO នៅខេត្តគោលដៅចំនួន៤ រួមមាន កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដើម្បីពង្រឹងភាពធន់នៃវិស័យកសិកម្ម និងជំរុញផលិតកម្មបន្លែសុវត្ថិភាព៕