ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូបង្រៀនឧត្តរមានជ័យ ឈ្វេងយល់បទពិសោធប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពអប់រំ

13 ម៉ោង មុន

ខេត្តឧត្តរមានជ័យ៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន កំពុងក្លាយជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ជាក់ស្តែង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអប់រំខេត្តឧត្តរមានជ័យ ទៅទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធលើការគ្រប់គ្រងសាលារៀន និងការអនុវត្តកម្មវិធីអប់រំឌីជីថល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានឈ្វេងយល់តាមរយៈបទបង្ហាញ សំណួរ-ចម្លើយ និងការសង្កេតផ្ទាល់នៅតាមថ្នាក់រៀន បន្ទប់កុំព្យូទ័រ និងក្លឹបសិក្សាឌីជីថលក្រៅម៉ោងសិក្សា ដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការបង្រៀន និងរៀន ព្រមទាំងយន្តការគ្រប់គ្រងសាលាឱ្យមានប្រសិទ្ធភាព។

ការផ្លាស់ប្តូរបទពិសោធនេះមានគោលបំណងផ្តល់គំនិត និងវិធីសាស្ត្រថ្មីៗដល់គណៈប្រតិភូអប់រំខេត្តឧត្តរមានជ័យ ជាពិសេសគ្រូបង្រៀននៅសាលាបឋមសិក្សាគោកប្រាសាទ ដើម្បីយកទៅអនុវត្ត និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ។ ក្នុងឱកាសនោះ លោក សុក ថា ក៏បានផ្តល់អនុសាសន៍តម្រង់ទិស ដើម្បីជំរុញការអនុវត្តចំណេះដឹង និងបទពិសោធន៍ដែលទទួលបានឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា សាលាបឋមសិក្សាគោកប្រាសាទ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាសាលាតាមបណ្ដោយព្រំដែនដែលបានរងផលប៉ះពាល់ពីការឈ្លានពាន និងបានចងសម្ព័ន្ធមេត្រីភាពជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានរដ្ឋបាល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការគាំទ្របរិក្ខារឌីជីថល និងការបណ្ដុះបណ្ដាលគ្រូជាបន្តបន្ទាប់។ ចំណែកសាលាបឋមសិក្សាវត្តរាជបូណ៌ ជាសាលាគំរូនៅខេត្តសៀមរាប លើការគ្រប់គ្រងវិន័យ គុណភាពបង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ៕