ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ចំនួន ២​រូប នៅ​ពន្ធនាគារ​ខេត្តស្ទឹង​ត្រែង ​ទទួលបាន​​ការ​បន្ធូរ​បន្ថយ និង​លើក​លែង​​ទោ.ស នា​ឱកាស​បុណ្យ​ប្រពៃណី​

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ទណ្ឌិត​ចំនួន ២​រូប នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ប្រកាស​ទទួល​ការ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស តាម​ព្រះរាជក្រឹត្យ លេខ ន​ស​/​រក​ត​/១១២៦/១០៨៤ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០២៦ បន្ទាប់​ពី​បង្ហាញ​ពី​ការ​កែប្រែ​ឥរិយាបថ និង​គោរព​វិន័យ​បាន​ល្អ​ក្នុងអំឡុងពេល​អនុវត្ត​ទោស​។

ពិធី​ប្រកាស​ព្រះរាជក្រឹត្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​បរិវេណ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ដឹកនាំ​រៀបចំ​ដោយ​លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២ លី​ម វាសនា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ក្រោម​អធិបតីភាព​លោក ហ៊ុន សុភាព ព្រះរាជអាជ្ញា​រង តំណាង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។

យោង​តាម​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ លេខ ន​ស​/​រក​ត​/១១២៦/១០៨៤ ការ​ផ្តល់​ការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែងទោស ក្នុង​ឱកាស​បុណ្យ​ជាតិ​ប្រពៃណី មិនមែន​ធ្វើ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ទណ្ឌិត​គ្រប់​រូប​នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​ការ​វាយតម្លៃ​ជាក់ស្តែង​ពី​ការ​កែប្រែ​ខ្លួន ការ​ចូលរួម​កម្មវិធី​អប់រំ ការ​គោរព​បទបញ្ជា​ផ្ទៃក្នុង​ពន្ធនាគារ និង​លក្ខខណ្ឌ​កំណត់​ដោយ
ច្បាប់​។

ថ្លែង​ក្នុង​ពិធី​នោះ តំណាង​អយ្យការ និង​ថ្នាក់ដឹកនាំ​ពន្ធនាគារ បាន​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ដែល​ទទួល​បានការ​បន្ធូរបន្ថយ និង​លើកលែងទោស ឱ្យ​យក​ឱ​កាស​នេះ​ទៅ​កសាង​ជីវិត​ថ្មី​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ គោរ​ព​ច្បាប់​រដ្ឋ និង​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ក្រុម​គ្រួសារ និង​សហគមន៍​វិញ ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​។ ទន្ទឹម​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ដទៃ
ទៀត ដែល​កំពុង​បន្ត​អនុវត្ត​ទោស ឱ្យ​ខិតខំ​កែប្រែ​ឥ​រិយា​ប​ថ និង​ចូលរួម​ការងារ​កែប្រែ​ឱ្យ​បាន​ល្អ ដើម្បី​មាន​សិទ្ធិ​ទទួល​បានការ​ពិចារណា​នៅ​ពេល​ក្រោយ​ៗ​ទៀត​។

ជា​ទូទៅ នៅ​កម្ពុជា ការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែង​ទោស ជា​យន្តការ​មនុស្សធម៌ និង​គោ​លន​យោបាយ​កែប្រែ​របស់​រដ្ឋ ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រចាំ​ក្នុង​ឱកាស​ពិធីបុណ្យ​ជាតិ​ធំ​ៗ ដូច​ជា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​ផ្តល់​ក្តី​សង្ឃឹម និង​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ជាប់​ឃុំ​ឱ្យ​កែប្រែ​ខ្លួន​ប្រសើរ​ឡើង​៕