ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​៖ រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន ជា​ពិសេស សហគ្រាស​ធុន​មីក្រូ តូច និងមធ្យមជា«​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​» និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ «​ពិព័រណ៍​ផលិតផល​ខ្មែរ​» លើក​ទី ៤ ក្រោម​ប្រធានបទ «​រួម​គ្នា​ផលិត​, រួម​គ្នា​ប្រើ​ផលិតផល​ជាតិ​» នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅ​រាជធានី​ភ្នំពេញ ​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នេះ​, សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន ជា​ពិសេស សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម ជា «​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​» និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្កើត​ការងារ​, បង្កើន​ចំណូល​គ្រួសារ​, លើកកម្ពស់​ផលិតកម្ម និង តម្លៃបន្ថែម​ក្នុងស្រុក​, ជំរុញ​សហគ្រិនភាព និង នវានុវត្តន៍​, និង ពង្រឹង​ភាព​ធន់ និង បរិ​យា​ប័ន្ន នៃ​សេដ្ឋកិច្ចជាតិ ស្រប​តាម​ទិស​ស្លោក «​សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម មានខ្លួន​តូច ប៉ុន្តែ​មាន​តួនាទី​ធំ​ក្នុង​ការ​ពង្រឹង​ភាពរឹងមាំ នៃ​សេដ្ឋកិច្ច​គ្រួសារ​, សេដ្ឋកិច្ច​មូលដ្ឋាន និង សេដ្ឋកិច្ចជាតិ​ទាំងមូល​» ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក គឺ​ស្មើគ្នា​នឹង​ការ​ពង្រឹង​ភាព​ធន់ នៃ​សេដ្ឋកិច្ចជាតិ ដោយ​ត្រូវ​ផ្តោត​លើ​សមត្ថភាព​ផលិត​ទំនិញ និង ផ្តល់​សេវា សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ព្រមទាំង ផលិត​នូវ​ផលិតផល​ដែល​កម្ពុជា​មាន​ឧត្តមភាព​ប្រកួតប្រជែង ។ ទន្ទឹម​នេះ​, ការ​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​រក្សា​បរិយាកាស​ពាណិជ្ជកម្ម​បើកចំហ និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ដើម្បី​ឱ្យ​រោងចក្រ​-​សហគ្រាស​កម្ពុជា អាច​អភិវឌ្ឍ​ខ្លួន​ជា​ប្រចាំ សំដៅ​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង សកល ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការ​គាំទ្រ​ផលិតផល​ជាតិ មិនមែន​ត្រឹមតែ​ជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​ជា​ការ​បង្កើត​ឱ្យ​មានឱកាស​ទីផ្សារ​ដំបូង និង ការ​ជំរុញ​លើកទឹកចិត្ត​ដល់​ផលិតករ​ក្នុងស្រុក ឱ្យ​សម្រេច​បោះទុន​វិនិយោគ​, ខិតខំ​ផលិត​ឱ្យ​បាន​ច្រើន និង ពុះពារ​ឈរជើង​លើ​ទីផ្សារ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង ។ ទោះ​យ៉ាងណា​, ម្ចាស់​រោងចក្រ​-​សហគ្រាស​ត្រូវ​ចង​ចាំ​ថា ការ​គាំទ្រ​គ្រាន់តែ​ជា​ការ​សាកល្បង​ប៉ុណ្ណោះ ។ ការ​រក្សា​ទីផ្សារ​ឱ្យ​បាន​យូរអង្វែង គឺ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​គុណភាព​, សុវត្ថិភាព​, ស្តង់ដា​, ថ្លៃ​សមរម្យ​, និយាយ​ជា​រួម គឺ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​គុណ​តម្លៃ និង ទំនុកចិត្ត​លើ​ផលិតផល​, ទើប​ជា​កត្តា​ជំរុញ​ឱ្យ​មានការ​គាំទ្រ និង ជ្រើសរើស​ប្រើប្រាស់​ជា​ប្រចាំ ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​កែ​លម្អ​បរិយាកាស​ធុរកិច្ច និង វិនិយោគ ជា​ពិសេស ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម ដោយ​បាន​សិក្សា និង គ្រោង​ដាក់​ចេញ​នូវ​៖ ទី​១. អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​វដ្ត​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង មធ្យម ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​គ្រប់គ្រង​អាជីវកម្ម តាំងពី​ដំណាក់កាល​ចាប់ផ្តើម រហូត​ដល់​ដំណាក់កាល​បិទ​បញ្ចប់​អាជីវកម្ម​, និង ទី​២. អនុក្រឹត្យ​ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង មធ្យម ដើម្បី​ជួយ​សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម ឱ្យ​អាច​ងើបឡើង​, ឈរជើង និង ដើរ​បាន​លឿន តាម​រយៈ យន្តការ​លើកទឹកចិត្ត​, ទាំង​ហិរញ្ញវត្ថុ និង មិនមែន​ហិរញ្ញវត្ថុ​, ដោយ​ផ្ទាល់ និង ប្រយោល ។ ជាមួយ​នេះ​, រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច និង មធ្យម ដែល​ជា​យន្តការ ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ សម្រាប់​ដោះស្រាយ​ជា​ប្រព័ន្ធ​នូវ​បញ្ហា​ប្រឈម​ជា​រចនាសម្ព័ន្ធ ប្រកបដោយ​តម្លាភាព​, ការ​ទទួលខុសត្រូវ​ខ្ពស់ និង មាន​ភាព​ប្រាកដនិយម​បំផុត ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​វិស័យ​ឯកជន មិន​អាច​ពឹងផ្អែក​តែ​លើ​ការ​បង្កើន​ចំនួន​អាជីវកម្ម ឬ ការ​ផ្តល់​ហិរញ្ញប្បទាន​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​ត្រូវ​ផ្តោត​លើ​ការ​បង្កើន​ផលិតភាព​, គុណភាព​, តម្លៃបន្ថែម និង សមត្ថភាព​ប្រកួតប្រជែង​, ពិសេស ចំនួន​សហគ្រាស​ដែល​ត្រូវ​បន្ត​រស់រាន និង បន្ត​រីក​ចម្រើន​ ។

បន្ថែម​ពី​នេះ​, សម្ដេច​ធិ​បតី​ចង់​ឃើញ​ផលិត​ដែល​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា មាន​ផលិត​ផលិត​ក្នុង​ប្រទេស ៨០% និង​ផលិត​នាំ​ចូល​ពី​ក្រៅប្រទេស​តែ ២០% ។ ហេតុនេះ​, វិស័យ​ឯកជន ត្រូវ​ចូលរួម​ពង្រឹង​ខ្លួនឯង ដើម្បី​ផលិត​នូវ​ផលិតផល​របស់​ខ្លួន​ឱ្យ​មានគុណ​ភាពល្អ ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ។ បន្ថែម​ពី​នេះ​, នៅ​ពេល​អនាគត រាជរដ្ឋាភិបាល បាន​និង​កំពុង​គិតគូរ កំណត់​ប្រភេទ​អាជីវកម្ម ដែល​សម្រាប់​តែ​ផលិត​នៅ​ក្នុងស្រុក និង​មាន​វិនិយោគិន​ជា​ជនជាតិ​ខ្មែរ​តែ​ម្ដង ។ ក្នុង​ន័យ​នេះ​, សូម​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ ផលិតផល​ខ្មែរ ដោយ​ការ​ស្រឡាញ់​ផលិតផល​ខ្មែរ ហើយ​កុំ​ស្រឡាញ់​តែ​មួយ​ពេល​ៗ ត្រូវ​ស្រឡាញ់​រហូត ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ផលិតផល​ខ្មែរ ។

ជាទី​បញ្ចប់​, សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​អ្នក​ផលិត​នូវ​ផលិតផល​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ត្រូវ​ផលិត​ឱ្យ​ត្រូវ និង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ភាព​ជា​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ខ្មែរ កុំឱ្យ​មានការ​ក្លាយ​ពី​វប្បធម៌​អ្នក​ដទៃ ដើម្បី​ធានា​ថា ផលិតផល​ទាំង​អស់នោះ​ផលិត​ចេញ​ទៅ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង ។ បន្ថែម​ពី​នេះ​, អ្នក​ប្រើប្រាស់​ក៏​ត្រូវ​តែ​ស្វែង​យល់​ឱ្យ​ច្បាស់​អំពី​អត្តសញ្ញាណ​របស់​ខ្មែរ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ខុស ហើយ​កូន​ខ្មែរ ត្រូវ​តែ​ជា​ភ្នាក់ងារ​តំណាង (BA) ឱ្យ​វប្បធម៌ និង​សិល្បៈ​របស់​ខ្មែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​, សម្ដេច​ធិ​បតី បាន​ណែនាំ​ឱ្យ ទី​១. ការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​អំពី​សិល្បៈ និង វប្បធម៌​របស់​ខ្មែរ​, ទី​២. ការ​ផ្សព្វផ្សាយ និង​ការ​បោះផ្សាយ​សៀវភៅ​ណែនាំ ដើម្បី​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​យល់​ច្បាស់ និង ទី​៣. ការ​រៀបចំ​ជា​សារៈមន្ទីរ​សម្រាប់​ដាក់​តាំង​ផលិតផល​វប្បធម៌​ជាតិ ៕