ខេត្តកំពង់ស្ពឺ៖ អ្នកជំងឺទឹកនោមផ្អែម និងប្រជាពលរដ្ឋដែលត្រូវការស្ដារលទ្ធភាពពលកម្មនៅខេត្តកំពង់ស្ពឺ នឹងមានលទ្ធភាពទទួលបានសេវាថែទាំ និងជំនួយសុខភាពកាន់តែប្រសើរ តាមរយៈសេវាថែទាំជើងអ្នកជំងឺទឹកនោមផ្អែម ដែលបានសម្ពោធដាក់ឱ្យដំណើរការនៅមន្ទីរពេទ្យខេត្ត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល។
សេវានេះត្រូវបានផ្តល់តាមរយៈផ្នែកស្ដារលទ្ធភាពពលកម្មក្នុងមន្ទីរពេទ្យដើម្បីជួយអ្នកជំងឺរក្សាសមត្ថភាពរាងកាយ បង្កើនលទ្ធភាពធ្វើសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯង និងលើកកម្ពស់គុណភាពជីវិត តាមរយៈការទទួលបានការថែទាំសមស្របតាមតម្រូវការរបស់អ្នកជំងឺ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំឱ្យមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យផ្សព្វផ្សាយសេវានេះឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានតម្រូវការបានដឹង និងមកទទួលសេវា។ លោកក៏បានជំរុញឱ្យក្រុមគ្រូពេទ្យបំពេញការងារប្រកបដោយការទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
សេវាថ្មីនេះទទួលបានការគាំទ្រពីរដ្ឋាភិបាល និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កម្មវិធី ACCESS 2 អង្គការ Exceed Worldwide និងដៃគូពាក់ព័ន្ធ តាមរយៈការរៀបចំកន្លែងផ្តល់សេវា ការផ្តល់សម្ភារៈជំនួយដល់ជនមានពិការភាព និងការគាំទ្រការបង្កើតសេវាថែទាំដំបៅជើងអ្នកជំងឺទឹកនោមផ្អែម ដើម្បីរួមចំណែកពង្រឹងសេវាសុខាភិបាល និងការស្ដារលទ្ធភាពពលកម្មនៅកម្ពុជា៕
ចែករំលែកព័តមាននេះ