ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ស្លាប់ ខណៈ​ជិះ​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ យុវជន​ដែល​ជា​មនុស្ស គ ម្នាក់ ​បាន​បើកបរ​ម៉ូតូ​ ១​គ្រឿង ​ឌុ​ប​យុវជន​ម្នាក់​ទៀត ហើយ​ជ្រុល​ទៅ​បុក​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង ​ដែល​កំពុង​បើក​ចេញពី​ផែស្ងួត​ «​ឆាយ​ដា​»​ ឆ្លងផ្លូវ​ពេញទំហឹង។ ខណៈនោះ​ បាន​បណ្ដាល​ឲ្យ​យុវជន ​ដែល​ជា​មនុស្ស គ ខាងលើ​រង​របួសធ្ងន់ ចំណែក​យុវជន​ម្នាក់​ទៀត ​ដែល​ជិះ​ពីក្រោយ​ រួម​ដំណើរ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​មុខ​ផែស្ងួត ឆាយ ដា​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ ​នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ម្នាក់​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ គឺជា​មនុស្ស​គ ។​ នៅ​មុន​ពេល​កើតហេតុ​អ្នក​ទាំង​២​ ជិះ​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1AA-8905 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​ខាងក្រោយ​រថយន្ត​ទ្រុង​ឃ្លុប ​១​គ្រឿង ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-4296 ដែល​កំពុង​បើកបរ​ចេញពី​ក្នុង​ផែស្ងួត ឆាយដា ​ឆ្លង​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ពេញទំហឹង។ ខណៈនោះ​ម៉ូតូ​បាន​ដួល​បោក​ផ្ទប់​ថ្នល់​១​តង់​ទៀត បណ្ដាល​ឲ្យ​យុវជន​គ ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ និង​យុវជន​ម្នាក់​ទៀត​ ដែល​ជិះ​ពីក្រោយ​រួម​ដំណើរ​ជាមួយ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​ក្រោយ​ពេល​កើតហេតុ​យុវជន​គ ដែល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ការិយាល័យ​នគរបាល​ច​រា​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​វាស់វែង​ និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​ក្រុម​គ្រួសា​សព ឲ្យ​ទៅ​ទួល​យក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​