ឃាត់ខ្លួនអ្នកបើករថយន្តម៉ាក BYD បង្កគ្រោះថ្នាក់បើករត់និងស្ត្រីជាប្រពន្ធដែលរារាំងសមត្ថកិច្ច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្តម៉ាក BYD ដែលស្រវឹងស្រាបង្កគ្រោះថ្នាក់បុកម៉ូតូកង់បី បណ្ដាលឲ្យរងរបួសហើយព្យាយាមបើករត់និង ស្ត្រីជាប្រពន្ធដែលរារាំងនិងរុញ សមត្ថកិច្ចមិនឲ្យនាំខ្លួនប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តម៉ាក BYD និងម៉ូតូកង់បី នៅខណ្ឌដូនពេញ ហើយមានស្ត្រីម្នាក់រារាំងសមត្ថកិច្ចមិនឲ្យនាំប្តីជាអ្នកបើករថយន្តមកកន្លែងសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់មកសមត្ថកិច្ចបាននាំអ្នកបើករថយន្តមកពិនិត្យជាតិអាល់កុលជាលទ្ធផលមានកម្រិតអាល់កុល 0.70Mg/L សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ករណីបើកបរក្នុងស្ថានភាពស្រវឹងនិងការរារាំងសមត្ថកិច្ចបំពេញភារកិច្ច។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២៣និង០៥នាទី យប់នៅចំណុចមុខធនាគារជាតិ ផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រវាងរថយន្តម៉ាក BYD ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BY-2039 និងម៉ូតូកង់បីម៉ាក RE ពណ៌ស ផ្លាកលេខ ភ្នំពេញ 1MC-3579 បណ្តាលឱ្យអ្នកបើកកង់បីរបួសស្រាល ហើយអ្នកបើកបររថយន្តព្យាយាមបើករត់ពីកន្លែងកើតហេតុទើបប្រជាពលរដ្ឋដេញឃាត់ឱ្យឈប់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុត្រួតពិនិត្យ និងសួរនាំរួច សមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុន្តែត្រូវបានប្រពន្ធអ្នកបើកបររថយន្តបានរារាំងមិនឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់សមត្ថកិច្ចក្នុងការអនុវត្តតាមវិធានការច្បាប់។ បន្ទាប់សមត្ថកិច្ចសួរនាំ និងពិនិត្យជាតិអាល់កុល ជាលទ្ធផលអ្នកបើករថយន្តមានជាតិស្រវឹងអត្រាជាតិអាល់កុល0.70Mg/L។
បច្ចុប្បន្នបុរសជាអ្នកបើកបររថយន្ត និងស្ត្រីជាប្រពន្ធ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ