ស្ងាត់ៗស្រាប់តែលេចមុខវិញ ! កម្ពុជារកឃើញករណីជំងឺអឹមផក (Mpox) ដំបូងគេក្នុងឆ្នាំ២០២៦ ក្រោយស្ងប់ស្ងាត់អស់ ៣០ខែ និង៦ថ្ងៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអឹមផក (Mpox) ថ្មីចំនួន ១ករណី ក្រោយស្ងប់ស្ងាត់ ៣០ខែ និង៦ថ្ងៃ ។ នេះបើយោងតាមផេកក្រសួងសុខាភិបាល បាននាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណជនថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានរកឃើញករណីជំងឺអឹមផក (Mpox) ថ្មីចំនួន ១ករណី ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

គួរកត់សម្គាល់ថា កន្លងមក កម្ពុជាធ្លាប់រកឃើញអ្នកជំងឺអឹមផកសរុបចំនួន២០ករណី ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ។ ការរកឃើញលើកនេះ គឺជាករណីទី១ ដែលកើតឡើងវិញ បន្ទាប់ពីកម្ពុជា ពុំមានករណីឆ្លងជំងឺនេះ អស់រយៈពេល ៣០ខែ និង៦ថ្ងៃ កន្លងមក ។

ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជាដាច់ខាត ឬក្នុងទ្រង់ទ្រាយធំ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងស្វែងយល់ពីរបៀបចម្លង និងអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕
ចែករំលែកព័តមាននេះ