លទ្ធផលថ្មីពីការតាមដានដោយកាមេរ៉ាស្វ័យប្រវត្តិ កំពុងរួមចំណែកពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សដំរីអាស៊ីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ។ នេះបើយោងតាមផេកWWF-កម្ពុជាបានប្រកាសនាថ្ងៃទី២០ ខែវិច្ឆិកានេះ ។

ជាផ្នែកមួយនៃគម្រោងអភិរក្សឆ្លងដែន កាមេរ៉ាស្វ័យប្រវត្តិចំនួន៤១ គ្រឿង ត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់គោលដៅរបស់គម្រោង។ បន្ទាប់ពីការតាមដានរយៈពេលត្រឹមតែមួយខែ កាមេរ៉ាបានកត់ត្រាទិន្នន័យចំនួន៦,៩៤៨ កំណត់ត្រា អំពីសត្វព្រៃ សកម្មភាពមនុស្ស និងបរិស្ថាន ។ ក្នុងនោះ រូបភាព និងវីដេអូដំរីអាស៊ី ចំនួន១,៣៤៥ ត្រូវបានថតបាននៅ១៥ ទីតាំង ។

ជាមួយគ្នានោះដែត កាមេរ៉ាក៏បានកត់ត្រា វត្តមានសត្វព្រៃផ្សេងទៀត រួមមានជ្រូកព្រៃ ឈ្លូស ស្វា កំប្រុក និងប្រភេទសត្វព្រៃផ្សេងៗ ដែលផ្តល់នូវព័ត៌មានមូលដ្ឋានដ៏មានតម្លៃស្តីពីជីវៈចម្រុះនៅទូទាំងតំបន់ ។ ការតាមដាន និងថតដោយកាមេរ៉ាស្វ័យប្រវត្តិនឹងបន្តពេញមួយរដូវប្រាំង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវត្តមាន និងលំនាំនៃការផ្លាស់ទីរបស់ដំរីអាស៊ី ព្រមទាំងគាំទ្រដល់កិច្ចសហការអភិរក្សឆ្លងដែនរវាងកម្ពុជា និងវៀតណាម ។

លទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា ។ យើងសូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន, WWF-Sweden WWF-Belgium WWF-US អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ ដើម្បីរួមចំណែកពង្រឹងការអភិរក្សដំរីអាស៊ីឆ្លងដែនរវាងកម្ពុជា និងវៀតណាម ៕




ចែករំលែកព័តមាននេះ