ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធការស្លា.ប់យុវជនម្នាក់ក្បែរផ្លូវចុះចំណោតយាយម៉ៅ​

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​៥​និង​០០​នាទី​ព្រឹក មាន​ពលរដ្ឋ​រាយការណ៍​មក​ថា​ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​នៅ​ក្បែរផ្លូវ​បេតុង​ចុះ​ចំណោត​លោកយាយ​ម៉ៅ ឡើង​ទៅ​ភូមិ​គ្រឹះ​ឧក​ញ្ញា អ៊ូ ឆាយ ស្ថិត​ក្នុង​ក្រុម​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុលបង្ហាញ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​ដោយ​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​លោក សុក កែវ​បណ្ឌិត ប្រធាន​សាលាដំបូង​ស្តីទី កម្លាំង​បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ ដើម្បី​ពិនិត្យ​សព និង​ស្រាវជ្រាវ​រក​មូលហេតុ ។

បន្ទាប់​ពី​ការ​ពិនិត្យ និង​ស្រាវជ្រាវ​រក​ឃើញ​ថា​ករណី​ខាងលើ ជា​ករណី​ឃាតកម្ម ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​៣ និង​១០​នាទី​ទាប​ភ្លឺ នៅ​ផ្លូវ​បេតុង​លើ​ភ្នំ​៣៥ ស្ថិត​ក្នុង​ក្រុម​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​បក្ខពួក​ក្រុម​ជនសង្ស័យ​បាន​សរុប​ចំនួន ៥​នាក់ នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាងលើ ។

អត្តសញ្ញាណ​ជន​រង​គ្រោះ ឈ្មោះ សម្បត្តិ ហៅ វ៉ា​ត់ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​ប្រហែល​៤០​ឆ្នាំ មាន​ស្នាម​របួស​ដាច់​រយះ​សាច់​នៅ​លើ ក ខាងក្រោយ​ផ្នែក​ខាងឆ្វេង​ចំនួន ១​កន្លែង ទ្រូង​ចំនួន ១​កន្លែង និង​នៅ ក ដៃ​ខាងឆ្វេង​ចំនួន ១​កន្លែង ស្លាប់​នៅ​នឹង​កន្លែង ។

ឃាត់​ជនសង្ស័យ​ទាំង​៥​នាក់ (​សហចារី​៣​នាក់ លាក់បាំង​តំរុយ ១​នាក់ និង​មិន​បណ្តឹង​បរិហារ​បទឧក្រិដ្ឋ​១​នាក់​)​មានឈ្មោះ
១-​ឈ្មោះ គា សំបូរ ភេទ​ប្រុស ​អាយុ១៧ឆ្នាំ​ មុខរបរ​ជាងដេ​គ័​រ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​ដឹក​) ។
២-​ឈ្មោះ ថន សុខ​ហៃ ភេទ​ប្រុស ១៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​កាប់​) ។
៣-​ឈ្មោះ មាន វី​រៈ​សិទ្ធ ភេទ​ប្រុស អាយុ​១៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ជា​មេ​ក្លោ​ង​និង​ជា​អ្នក​កាប់​) ។
៤-​ឈ្មោះ ឌឿ​ន ដេ​ត ភេទ​ប្រុស ​អាយុ១៧ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៥-​ឈ្មោះ រាជ្យ រដ្ឋ​វិ​ច្ឆ័​យ ភេទ​ប្រុស ​អាយុ១៧ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចំណោទ​រាម សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។

មូលហេតុ ៖ កាប់​កាត់សាញ (​ខ​ណះ​ពេល​ជន​រង​គ្រោះ​ដើរ​តាម​ផ្លូវ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​កាត់ ចុះ​កាប់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង​) ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន​៖ ទូរស័ព្ទ​ដៃ ៤​គ្រឿង​កាំបិត ចំនួន ២​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​) ម៉ូតូ ១​គ្រឿង ម៉ាក Beat ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1K-3162 (​ម៉ូតូ​ជិះ​គេចខ្លួន​) ម៉ូតូ ១​គ្រឿង ម៉ាក Super Pro ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LP-5098 (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) ឯកសារ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៥​នាក់​រួម​វត្ថុ​តាង ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​ច្បាប់​បន្ត​តាម​នីតិវិធី ៕