ខេត្តកណ្ដាល ៖ បង្ក្រាបបានទាន់ពេល! ឃាត់រថយន្ត១គ្រឿង ដឹកកូនមាន់រស់៨,០០០ក្បាល នាំចូលពីវៀតណាមគ្មានច្បាប់អនុញ្ញាត លើផ្លូវក្រវ៉ាតក្រុងទី៣ ក្រុងតាខ្មៅ ។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រកាសនាថ្ងៃទី២២ ខែវិច្ឆិកានេះថា ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវក្រវ៉ាតក្រុងទី៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ ២F-៨៥៦៣ ដឹកកូនមាន់រស់ចំនួន៨ ០០០ក្បាល នាំចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តកំពង់ស្ពឺ ។

ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនកូនមាន់រស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ