រថយន្តសាំងយ៉ុង១គ្រឿង ច្រាលលេខបុកខឿនផ្លូវ បណ្ដាលឱ្យឆ្លងចរន្តឆេះខូចខាតទាំងស្រុងលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង)
- ក្រចេះ
ខេត្តក្រចេះ ៖ ភ្លើងឆេះរថយន្តសាំងយ៉ុង ១គ្រឿង អស់ទាំងស្រុងនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ខូចខាតសម្ភារៈប្រមាណ១៥ពាន់ដុល្លារ ខណៈឡានពន្លត់អគ្គិភ័យទៅដល់មិនទាន់ ដោយសារឆេះអស់ទៅហើយ ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសនាថ្ងៃទី២២ ខែវិច្ឆិកានេះថា ៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨៥-៣៨៦ ត្រង់ចំណុចជណ្ដើរកាច់ ដែលស្ថិតក្នុងភូមិស្រែស្បូវ ឃុំ ក្បាលដំរី ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានករណីគ្រោះអគ្គិភ័យបណ្ដាលអោយឆេះរថយន្ដមួយគ្រឿងម៉ាក សាំងយ៉ុង ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1046 ឆេះខូចខាតអស់ទាំស្រុង។

អ្នកបើកបរឈ្មោះ ទិត្យ ពិសាល ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ។ ហើយអ្នករួមដំណើរ ២នាក់ រួមមាន ៖ ឈ្មោះ ផុក សឹង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ។ និងឈ្មោះ ធឿន ស៊ីថា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ។
ចំពោះសម្ភារៈខូចខាតរួមមាន៖ ឆេះរថយន្ត ១គ្រឿង (ឆេះខូចខាតទាំងស្រុង)។ ឆេះទូរសព្ទ័ ១គ្រឿង ប័ណ្ណបើកបរ ឯកសាររថយន្ដ កាបូបខោអាវ និងអីវ៉ាន់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែលចំនួន ១៥.០០០ដុល្លារ។
មូលហេតុ: រថយន្ដធ្វើដំណើរក្នុងទិសដៅពីខាងជើងទៅខាងត្បូង លុះដល់ចំណុចកើតហេតុរថយន្ដបានច្រាលលេខក៏បានរេចង្កូតទៅបុកនិងខឿនផ្លូវបណ្ដាលអោយរថយន្តឆ្លងចរន្ដឆេះតែម្ដង។

ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ពុំបានចេញអន្តរាគមន៍ពន្លត់ទេ ដោយសារឆេះអស់ហើយទើបទទួលបានព័ត៌មាន៕



ចែករំលែកព័តមាននេះ