ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ពី​វេទិកា​ការងារ​៖ «​ការងារ​ក្នុងស្រុក​មាន​ច្រើន ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ អត្ថប្រយោជន៍​ផ្សេង​ៗ ប្រសើរ​ជាង​ប្រថុយ​​ចំណាកស្រុក​ខុសច្បាប់​»

2 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង​​ ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​វេទិកា​ការងារ សន្តិសុខ​​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ បាន​បន្ត​នាំ​យក​ឱកាស​ការងារ​ចំនួន​២​៥០៥​កន្លែង អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ផ្សព្វផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋាន​ជិត​៦០០​នាក់ ជា​ពិសេស ​សម្រាប់​អតីត​ពលករ​ពី​ប្រទេស​ថៃ និង​យុវជន​កំពុង​រក​ការងារ​ធ្វើ​នៅ​បរិវេណ​សាលាស្រុក​មេ​សាង ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២២ ​វិច្ឆិកា ឆ្នាំ​២០២៦​។

ឯកឧត្តម សាត សមុទ្រ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​តែងតែ​ចុះ​រៀបចំ​វេទិកា​ការងារ​នេះ​គ្រប់​ស្រុក គ្រប់​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ឱកាស​ការងារ ក៏​ដូច​ជា​នាំ​យក​ឱកាស​ការងារ​ក្នុងស្រុក​រាប់​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​បងប្អូន​ពិនិត្យ​ពិចារណា​មុន​នឹង​ចូល​បម្រើ​ការងារ​ ។ ប្រសិនបើ​ចង់​ចូល​ធ្វើការ​នៅ​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ណាមួយ​ហើយ បងប្អូន​អាច​ចុះ​ឈ្មោះ សម្ភាសន៍​ និង​ទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ​ ។

ឯកឧត្តម​បាន​បញ្ជាក់​​អំពី​លេខ​ទូរ​សព្ទ​ដែល​បងប្អូន​អាច​សាកសួរ​ព័ត៌មាន​អំពី​ឱកាស​ការងារ អត្ថប្រយោជន៍ ប​.​ស​.​ស​. និង​កម្មវិធី TVET ហើយ​បើ​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់​ព័ត៌មាន​ពី​ឱកាស​ការងារ ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ និង​លេខ ១២៨៦ សម្រាប់​ផ្នែក ប​.​ស​.​ស​. ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា ការងារ​ក្នុងស្រុក​មាន​ច្រើន​ទទួល​បាន​ប្រាក់​ឈ្នួល​​សមរម្យ អត្ថប្រយោជន៍​ផ្សេង​ៗ​រស់នៅ​ជួបជុំ​គ្រួសារ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​.​ផង​ដែរ ដូច្នេះ ​សូមកុំ​ចំណាយ​ពេលវេលា​ចោល​ដោយ​មិន​មាន​ប្រាក់​ចំណូល ឬ​កុំ​ទន្ទឹងរង់ចាំ​ការងារ​ចំណាកស្រុក​ខុសច្បាប់​ដែល​ប្រថុយប្រថាន ​។ ការងារ​ចំណាកស្រុក​ខុសច្បាប់​នៅ​ប្រទេស​ថៃ ប្រឈម​ហានិភ័យ​អ​សុវត្ថិភាព ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ខ្វះ​ការ​គាំពារ​សុខភាព ការ​រើសអើង និង​រស់នៅ​ឆ្ងាយ​ពី​គ្រួសារ​។ ក្រៅពី​ការងារ​ក្នុងស្រុក ក្រសួង​ក៏​បន្ត​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅប្រទេស​ដែល​ស្របច្បាប់ មាន​សុវត្ថិភាព និង​ប្រាក់ខែ​ខ្ពស់​ផង​ដែរ​។

ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ជា​ពិសេស​ យុវជន គឺ​ត្រូវ​មានចំណេះ និង​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​ច្បាស់​លាស់​ពិតប្រាកដ ជា​ពិសេស​ ត្រូវ​សិក្សា​កម្មវិធី​រយៈពេល​ខ្លី ហើយ​ឆាប់​ទទួល​បានការ​ងារ​ធ្វើ​លឿន​តាម​រយៈ​កម្មវិធី TVET ១,៥​លាន ដែល​ជា​ការ​យកចិត្តទុកដាក់​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ ។ ការ​រៀន​ជំនាញ TVET នេះ បុរស​និង​ស្ត្រី​រៀន​បាន​ដូច​គ្នា ក្នុង​នោះ​មាន​៖ ផ្នែក​សំណង់ ជួសជុល​គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារ​ត្រជាក់ ដុត​នំ ឆុង​កាហ្វេ និង​ផ្នែក​សាឡ​ន​ជាដើម ដែល​សុទ្ធតែ​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ឬ​រក​ការងារ​ធ្វើ​ជាមួយ​ប្រាក់ខែ​ខ្ពស់​ជាង​មុន​ ។

សូម​បញ្ជាក់​ថា ឱកាស​ការងារ​ខាងលើ​នេះ​ ត្រូវ​បាន​ផ្តល់​ដោយ​ក្រុមហ៊ុន ថា​កូ អា​ហ្គ្រី​, រោងចក្រ វេន​ធូ​រ៉ា លេ​ឌើ​វែ​រ អឹ​ម​អេ​ហ្វ​វ៉ា​យ (​ស៊ី​ឌី​) ឯ​.​ក​, ក្រុមហ៊ុន Daiichi life និង​ក្រុមហ៊ុន Metfone ព្រមទាំង​ក្រុមហ៊ុន​ជ្រើសរើស​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស គឺ​ក្រុមហ៊ុន មង្គល អេ​ច​អ​ ៕