ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំច្រឡំ! ក្រុមក្មេងទំនើ.ងជិះម៉ូតូអូសដាវប្រមាណ២០គ្រឿង ត្រូវប៉ូលិសដេញបង្ក្រាបដល់ចោមចៅ មិនមែនដេញកា.ប់សមត្ថកិច្ចដូចការចុះផ្សាយមួយចំនួនទេ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​យក​រូបភាព​វី​ដេ​អូ​របស់​ប្រជាពលរដ្ឋ​បង្ហោះ​មាន​ខ្លឹមសារ​ថា «​ចុ​ម​ក្មេង​ទំនើង​ប្រហើ​ន​ណាស់ ជិះ​ដេញ​កាប់​ប៉ូលិស​ទៀត ។ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ នេះ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សូម​បញ្ជាក់​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ការ​បង្ហោះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ខាងលើ ជា​ព័ត៌មាន​មិន​ពិត ចំពោះ​ករណី​នេះ គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍ និង​កម្លាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ដែល​ជិះ​បង្ហោះ​ម៉ូតូ និង​ជិះ​អូស​ដាវ​តាម​ផ្លូវ ដោយ​មិន​មាន​ករណី​ក្មេង​ទំនើង​ដេញ​កាប់​សមត្ថកិច្ច​នោះ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​យប់​អធ្រាត្រ​វេលា​ម៉ោង​ប្រហែល​២​ឈាន ចូល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៦ មាន​ក្រុម​ក្មេង​ទំនើង​១​ក្រុម ជិះ​ម៉ូតូ​ប្រហែល​២០​គ្រឿង បាន​បង្ហោះ​ម៉ូតូ និង​ធ្វើ​សកម្មភាព​អូស​ដាវ​តាម​ផ្លូវ ពេល​មក​មក​ដល់​ជិត​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​ជួប​ប្រទះ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង ។ នៅ​ពេល​ជួប​ហេតុការណ៍​បែប​នេះ កម្លាំង​ប៉ុស្តិ៍​ក៏​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​កម្លាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ ជួយ​អន្តរាគមន៍ បន្ទាប់​មក​កម្លាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ទទួល​ព័ត៌មាន​ភ្លាម​ក៏​ចេញ​មក​អន្តរាគមន៍ មាន​ម៉ូតូ​៧​គ្រឿង មាន​គ្នា​ជាង​១០​នាក់ ដេញ​តាម​ចាប់​ឃាត់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ លុះ​ឃើញ​កម្លាំង​សមត្ថកិច្ច​ដេញ​បង្ក្រាប​ពួកក្មេង​ទំនើង​ទាំងនោះ នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ចេញពី​ម្តុំ​ផ្សារ​ឈូក​មាស​ឡើង​ទៅ​ខាង​វត្ត​តាង​កសាង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្ពោះទៅ​អតីត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​បាន​ជួប និង​កម្លាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេញ​ទៅ​ដល់​រង្វង់​មូល​ចោម​ចៅ ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន ហើយ​ជិះ​គេច​ទៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​គេច​បាត់​អស់ ។

ចំពោះ​ក្រុម​ក្មេង​ទំនើង​នេះ​ផង​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្រាវជ្រាវ​មុខសញ្ញា​ក្មេង​ទំនើង​ទាំងនោះ យក​មក​អនុវត្ត​តាម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច ។

ឯកឧត្តម​ស្នងការ​ក៏​បាន​បញ្ជា​ទៅ​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​ល្បាត និង​ត្រួតពិនិត្យ​គ្រប់​គោលដៅ​ប្រមូលផ្តុំ ជិះ​ម៉ូតូ​ឈូឆរ​តាម​ផ្លូវ របស់​ក្មេង​ទំនើង និង​បង្ក្រាប​រាល់​ក្រុម​ក្មេង​ទំនើង​ដែល​ជិះ​ម៉ូតូ​បង្ក​ហិង្សា ត្រូវ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ឲ្យ​បានជា​ដាច់ខាត ៕