ទីក្រុងបាងកក៖ ផ្ទុះការភ្ញាក់ផ្អើលដ៏ធំមួយនៅទីក្រុងបាងកកបន្ទាប់ពីគេរកឃើញសាកសពដែលត្រូវគេកាត់ជាកំណាត់ៗ វេចខ្ចប់នៅក្នុងវ៉ាលី រួចយកទៅប្លុងចោលនៅកន្លែងចាក់សំរាមនៃដីឡូតិ៍មួយកន្លែង។ ឥឡូវនេះ ប៉ូលិសថៃចាប់ផ្ដើមចុះស៊ើបអង្កេតយ៉ាងដុតដៃដុតជើង។ នគរបាលនៅឡាត់ផ្រាវ (Latphrao) បានទទួលការហៅទូរស័ព្ទដើម្បីធ្វើអន្តរាគមន៍កាលពីយប់មិញ។ អ្នកដែលឃើញវ៉ាលីដាក់កំណាត់សាកសពនោះមុនគេជាអ្នកដែលម្ចាស់ដីឡូតិ៍ប្រាប់ឱ្យទៅពិនិត្យមើលដីឡូតិ៍នោះនៅម៉ោង៨យប់ថ្ងៃអាទិត្យ។

ដីឡូតិ៍នោះតែងតែត្រូវគេយកសំរាមទៅបោះចោលដោយគ្មានការអនុញ្ញាតពីម្ចាស់ទេ។ ដោយសារធុំក្លិនស្អុយខ្លាំងពេក សាក្សីក៏ដើរទៅពិនិត្យមើលពូកដែលស្រោបជុំវិញវ៉ាលីពណ៌ខៀវ។ ពួកគេលើកពូកចេញ និងឃើញដង្កូវចុះយ៉ាងច្រើនសន្ធឹកសន្ធាប់។ លុះពេលពួកគេបើកវ៉ាលីនោះ ឃើញជើងមនុស្ស។ ពួកគេគិតថានោះជាកំណាត់សាកសពមនុស្សស្រី គ្មានសំលៀកបំពាក់ទេ ហើយដាក់ទៅក្នុងវ៉ាលីរបៀបជាការញាត់យ៉ាងណែន។ បន្ទាប់ពីពិនិត្យឃើញបែបនេះ ពួកគេក៏រត់ទៅប្រាប់អ្នករស់នៅម្ដុំនោះ និងប្រាប់ប៉ូលិស។ ប៉ូលិសក៏ចុះទៅពិនិត្យមើលបរិវេណនៅម្ដុំនោះជាមួយក្រុមអ្នកធ្វើកោសល្យវិច័យ។

ពួកគេរកឃើញថានោះជាសាកសពមនុស្សស្រីដែលត្រូវគេកាត់ជាបួនកំណាត់ និងនៅរាត់រាយប្រហែល៥ម៉ែត្រពីគ្នា។ មួយកំណាត់ចាប់ពីចង្កេះទៅបាតជើង, មួយកំណាត់ចាប់ពីចង្កេះទៅទ្រូង, មួយកំណាត់ជាដៃទាំង២ និងមួយកំណាត់ចុងក្រោយគេជាក្បាលរបស់សាកសព។ នៅលើផ្ទៃមុខសាកសពមានស្នាមកាត់ផ្នែកខាងឆ្វេង។ គេពិនិត្យឃើញថាបាត់សាច់ខ្លះនៅកដៃខាងស្ដាំ និងបាត់គ្រឿងក្នុងមួយចំនួន។ បន្ទាប់ពីចុះពិនិត្យមើលកន្លែងដែលគេយកកំណាត់សាកសពទៅបោះចោលរួច ឧត្ដមសេនីយ៍សៀមប៊ុនសំ (Siam Boonsom) ស្នងការនគរបាលទីក្រុងបាងកកថ្លែងថាជនរងគ្រោះត្រូវគេសម្លាប់នៅទីកន្លែងដទៃទៀត ហើយត្រូវគេយកទៅបោះចោលនៅដីឡូតិ៍ខាងលើដើម្បីបិទបាំងអំពើឧក្រិដ្ឋ។

លោកបានចេញបញ្ជាឱ្យមន្ត្រីក្រោមឱវាទដឹកជញ្ជូនកំណាត់សាកសពទៅការិយាល័យកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ។ លោកក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទនៅសង្កាត់ឡាត់ផ្រាវ និងតំបន់ជុំវិញនោះដើម្បីស៊ើបសួរថាតើមានបាត់នរណាម្នាក់ដែរឬទេ។ មានតម្រុយខ្លះៗហើយពាក់ព័ន្ធនឹងសំណុំរឿងនេះ។ សាក្សីម្នាក់ប្រាប់ថាខ្លួនឃើញបុរសម្នាក់កាន់វ៉ាលីដើរចូលទៅតាមច្រកឌឿងហែមនៅវេលាម៉ោងប្រហែល៧យប់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ហើយឈរនៅក្បែរទីតាំងដែលគេរកឃើញសាកសព។ ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលវីឌីអូនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមផ្លូវធ្វើដំណើរពីកន្លែងផ្សេងឆ្ពោះទៅកាន់ដីឡូតិ៍នោះហើយ៕ ប្រភព៖ ពីបរទេស

ចែករំលែកព័តមាននេះ