ទីក្រុងដាកា៖ រដ្ឋាភិបាលបង់ក្លាដែសសច្ចាថានឹងចាប់ខ្លួនលោកស្រីហាស៊ីណាដាក់ពន្ធនាគារភ្លាម ប្រសិនបើអតីតនាយករដ្ឋមន្ត្រីរូបនេះហ៊ានវិលត្រឡប់ចូលស្រុកវិញ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រី២រូប។ សព្វថ្ងៃនេះ លោកស្រីរស់នៅនិរទេសខ្លួននៅឯប្រទេសឥណ្ឌា។ ការថ្លែងដូចខាងលើនេះស្របពេលដែលគេលេចឮដំណឹងកាន់តែច្បាស់ការណ៍ថាលោកស្រីហាស៊ីណានឹងវិលត្រឡប់ទៅមាតុភូមិវិញនៅខែធ្នូ។ ដំណឹងនេះបង្កភាពតានតឹងនៅក្នុងមជ្ឈដ្ឋានអ្នកនយោបាយ ហើយអាចនឹងនាំទៅដល់ការបង្កអំពើហិង្សានៅតាមដងផ្លូវ។

ផ្ទុយពីការបណ្ដោយឱ្យលោកស្រីវិលទៅបង់ក្លាដែសវិញដោយខ្លួនឯង រដ្ឋាភិបាលទីក្រុងដាកាកំពុងស្នើសុំធ្វើបត្យាប័នលោកស្រីពីប្រទេសឥណ្ឌា ជាទីដែលលោកស្រីបានស្នាក់នៅតាំងពីឆ្នាំ២០២៤។ បង់ក្លាដែសរំពឹងថារដ្ឋាភិបាលទីក្រុងញូដេលីនឹងគោរពទៅតាមសន្ធិសញ្ញាស្ដីពីការធ្វើបត្យាប័នដែលនៅជាធរមាន។ ខាងលើនេះជាការប្រកាសរបស់រដ្ឋមន្ត្រីការបរទេស លោកស្រីសាម៉ា អូបេត ឥស្លាម (Sharma Obaed Islam)។ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅក្រសួងការបរទេសឥណ្ឌាដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយ ប៉ុន្តែគ្មានការឆ្លើយតបទេ។ ប្រសិនបើវិលត្រឡប់ទៅប្រទេសបង់ក្លាដែសវិញ លោកស្រីហាស៊ីណាប្រឈមនឹងទោសប្រហារជីវិត។

គណបក្សរបស់លោកស្រីក៏ត្រូវហាមឃាត់ធ្វើនយោបាយចាប់តាំងពីមានអំពើបះបោរឆ្នាំ២០២៤ដែលទម្លាក់លោកស្រីពីតំណែង។ នៅអំឡុងពេលជ្រួលច្របល់មួយចម្អិនកំពឹសនោះ អង្គការសហប្រជាជាតិប៉ាន់ស្មានថា១៤០០នាក់បានស្លាប់។ នៅក្នុងស្ថានភាពជ្រួលច្របល់ខ្លាំង ហើយយោធាក៏លែងគាំទ្រលោកស្រីហាស៊ីណាតទៅទៀត លោកស្រីក៏សម្រេចចិត្តពីរនាក់បងប្អូនជម្លៀសខ្លួនតាមឧទ្ធម្ភាគចក្រសំដៅប្រទេសឥណ្ឌា។ ចាប់តាំងពីពេលនោះមក លោកស្រីស្នើសុំលិខិតឆ្លងដែនថ្មី និងអត្តសញ្ញាណប័ណ្ណថ្មីមុននឹងវិលត្រឡប់ចូលស្រុកវិញនៅខែធ្នូ។ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែសបដិសេធសំណើនេះ។

លោកស្រីអូបេតថ្លែងនៅក្នុងបទសម្ភាសថាឱ្យតែលោកស្រី (ហាស៊ីណា) ហ៊ានចូលស្រុកពេលណា សមត្ថកិច្ចនឹងចាប់ខ្លួនគាត់ភ្លាម ហើយបញ្ជូនទៅពន្ធនាគារតែម្ដង។ បន្ទាប់មក យើងនឹងអនុវត្តទៅតាមនីតិវិធីច្បាប់។ យើងសូមស្នើសុំឱ្យរដ្ឋាភិបាលឥណ្ឌាចាប់បញ្ជូនលោកស្រីត្រឡប់ទៅបង់ក្លាដែសវិញដូចដែលប្រទេសទាំង២ព្រមព្រៀងគ្នានៅក្នុងសន្ធិសញ្ញាធ្វើបត្យាប័ន។ បញ្ហាប្រទាំងប្រទើសគ្នានេះនាំឱ្យក្រុមអ្នកគាំទ្រលោកស្រីហាស៊ីណាចេញហែបាតុកម្មនៅតាមដងផ្លូវ។ គណបក្សរបស់លោកស្រីនៅខែនេះប្រកាសថានឹងផ្ទុះការតវ៉ារយៈពេលមួយសប្ដាហ៍ ហើយនឹងត្រៀមជួបជុំគ្នានៅក្នុងទ្រង់ទ្រាយធំដើម្បីចាំទទួលស្វាគមន៍ការវិលត្រឡប់របស់លោកស្រីហាស៊ីណា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ