ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​យោធា​អាមេរិក​អាច​នឹង​វា.យ​អុីរ៉ង់​ជា​ថ្មី​ បើ​ការ​ចរ​ចា​មិន​បាន​សម្រេច​មុន​ដើម​​ឆ្នាំ​២០២៧

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ថា​លោក​អាច​នឹង​វាយ​ប្រហារ​អុីរ៉ង់​ជា​ថ្មី​នៅ​ដើម​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​ការ​ចរ​ចា​គ្នា​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​។ លោក​អះ​អាង​ថា​នៅ​ពេល​នេះ អាមេរិក និង​អុីរ៉ង់​​កំពុង​ចរ​ចា​គ្នា​​ពិត​មែន​។ ប៉ុន្តែ​លោក​មាន​ចិត្ត​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នឹង​យុទ្ធ​សាស្ត្រ​ចរ​ចា​របស់​អុីរ៉ង់​។ លោក​ថា​អុីរ៉ង់​ពូកែ​រាំ​តាម​​ចង្វាក់​ភ្លេង​ និង​និយម​ចូល​ចិត្ត​ចរ​ចា​បាន​ត្រឹម​តែ​ចរ​ចា​ ប៉ុន្តែ​មិន​បាន​សាច់​ការ​អ្វី​ទាំង​អស់​។ ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​គឺ​និយាយ​ចោល​ៗ។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​លទ្ធ​ផល​គឺ​សូន្យ​។

ការ​ថ្លែង​របស់​លោក​ត្រាំ​​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​កំពុង​ពិចារណា​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ឡើង​វិញ​ ប្រសិន​បើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការ​ទូត​មិន​ទទួល​ជោគ​ជ័យ​មុន​ដើម​ឆ្នាំ​២០២៧​។ លោក​ត្រាំ​នៅ​តែ​និយាយ​ដដែល​ឡើង​វិញ​ថា​រាល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អុីរ៉ង់​ត្រូវ​តែ​ទប់​ស្កាត់​ជា​អចិន្ត្រៃយ៍​មិន​​ឱ្យ​ប្រទេស​នេះ​​មាន​​​អាវុធ​នុយ​ក្លេ​អ៊ែរ​។ លោក​ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​​មាន​សុពល​ភាព​យូរ​អង្វែង​ទៅ​មុខ​ទៀត​ទោះ​បី​លោក​លែង​កាន់​អំណាច​ក៏​ដោយ​។ ប៉ុន្តែ​ការ​បញ្ចេញ​សារ​នយោ​បាយ​ចុង​ក្រោយ​នេះ​ដាក់​ជា​វិមតិ​សង្ស័យ​ថា​តើ​អុីរ៉ង់​យល់​ព្រម​ទទួល​យក​​លក្ខ​ខណ្ឌ​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ដែរ​ឬ​ទេ​។

លោក​ត្រាំ​ក៏​សូម​ព្រមាន​ទៅ​អុីរ៉ង់​ផង​ដែរ​​បន្ទាប់​ពី​លោក​ទទួល​សេចក្ដី​រាយ​ការណ៍​ថា​ពួក​គេ​ចង់​រើ​ខ្លួន​ពី​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​។ ​សារ​ព័ត៌​មាន​រដ្ឋ​អុីរ៉ង់​ផ្សាយ​ថា​កប៉ាល់​ចម្បាំង​របស់​អុីរ៉ង់​អាច​នឹង​សាក​ល្បង​រើ​ខ្លួន​ពី​ការ​បិទ​ខ្ទប់​។ លោក​ត្រាំ​ព្រមាន​ថា​ឱ្យ​កប៉ាល់​ទាំង​នោះ​ហ៊ាន​ធ្វើ​អ្វី​មិន​ស្រួល​ ពួក​គេ​នឹង​ត្រូវ​បាញ់​កម្ទេច​ឱ្យ​លិច​ទៅ​បាត​សមុទ្រ​ជា​មិន​ខាន​ឡើយ​។ ការ​ព្រមាន​នេះ​កើត​មាន​ឡើង​ស្រប​​ពេល​ដែល​អុីរ៉ង់​បន្ត​បាញ់​ប្រហារ​កប៉ាល់​ដឹក​ប្រេង​ដែល​បើក​ក្បែរ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​​។​ ទូរ​ទស្សន៍​ហ្វក់​ក៏​បាន​ផ្សាយ​ផង​ដែរ​ថា​អុីរ៉ង់​វាយ​ប្រហារ​ទីតាំង​យោធា​អាមេរិក​នៅ​ប្រទេស​បារ៉េន​។

ទោះ​បី​អាមេរិក​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ ប៉ុន្តែ​អុីរ៉ង់​មិន​ទាន់​បាក់​លោង​នៅ​ឡើយ​​ទេ​ ហើយ​ពួក​គេ​​នៅ​តែ​មាន​លទ្ធ​ភាព​វាយ​ប្រហារ​គោល​ដៅ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​​។ កាល​ពី​ពេល​បើក​យុទ្ធ​នា​ការ​ដំបូង​ៗ​ អាមេរិក​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​អុីរ៉ង់​ជា​ច្រើន​កន្លែង​ និង​បាញ់​សម្លាប់​មន្ត្រី​ជាន់​ខ្ពស់​របស់​ពួក​គេ​ជា​ច្រើន​នាក់​ ជា​ហេតុ​ធ្វើ​ឱ្យ​អុីរ៉ង់​ចុះ​ខ្សោយ​សមត្ថ​ភាព​យោធា​។ ប៉ុន្តែ​នៅ​មាន​ចំណោទ​សួរ​ថា​តើ​អាមេរិក​អាច​ចាត់​ការ​អុីរ៉ង់​កម្រិត​ណា​បើ​ពួក​គេ​នៅ​នៅ​តែ​មាន​​មីស៊ីល​ផ្លោង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ដៃ​​ ហើយ​​អាច​បន្ត​បាញ់​ត​ទល់​​គ្នា​​​ជា​មួយ​អាមេរិក​​​។

យោង​តាម​តួ​លេខ​ដែល​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) អុីរ៉ង់​​មាន​មីស៊ីល​ផ្លោង​ប្រហែល​១៥០០​គ្រាប់​ទៀត។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​​អាច​បន្ត​ផលិត​មីស៊ីល​​​៥០​គ្រាប់​​ក្នុង​មួយ​ខែ​ៗ​។ សព្វ​ថ្ងៃ​នេះ​ អា​មេរិក​​បន្ត​ដាក់​ឱ្យ​ឈរ​ជើង​នូវ​នាវា​ផ្ទុក​យន្ត​ហោះ​២​គ្រឿង​នៅ​សមុទ្រ​អារ៉ាប់​ និង​រក្សា​ទុក​​​យន្ត​ហោះ​សម្រាប់​ចាក់​សាំង​លើ​អាកាស​នៅ​អុីស្រា​អែល​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​អាមេរិក​នឹង​វាយ​ប្រហារ​ជា​ថ្មី​នៅ​ក្នុង​ទំហំ​ណា​ទេ​ ហើយ​លោក​ត្រាំ​ក៏​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​វាយ​ប្រហារ​ជា​ថ្មី​ ឬ​យ៉ាង​ណា​ដែរ​៕ ប្រភព៖ Jerusalem Post​