ទីក្រុងហ្សាកាតា៖ ភ្នាក់ងារគយនៅប្រទេសឥណ្ឌូណេស៊ីទប់ស្កាត់ទាន់ពេលវេលានូវផែនការរត់ពន្ធមាសទម្ងន់២៥,៨គីឡូក្រាមដែលមានតម្លៃ៣,៤លានដុល្លារចេញពីប្រទេសនេះឆ្ពោះទៅម៉ាឡេស៊ី។ នៅក្នុងចំណោមផែនការដឹកជញ្ជូនខុសច្បាប់ចំនួនបីករណីនៅខែវិច្ឆិកានេះ មានមួយករណីពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ីអាយុ៣៤ឆ្នាំ។ គាត់ត្រូវអាជ្ញាធរចាប់ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិមីណាំងកាបូ (Minangkabau) ក្បែរទីក្រុងផាដាង (Padang) នៃខេត្តស៊ូម៉ាត្រាខាងលិចកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ មាសដែលចាប់បានមានទម្ងន់៤គីឡូក្រាមដែលលាក់ទុកនៅក្នុងស្បែកជើងរបស់ជនសង្ស័យ។

បុគ្គលិកដែលប្រចាំការនៅកន្លែងចេញដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីបានទទួលព័ត៌មានថាអ្នកដំណើរម្នាក់ធ្វើសកម្មភាពគួរឱ្យសង្ស័យ។ ដោយមានតម្រុយបែបនេះ បុគ្គលិកប្រចាំការនៅព្រលានយន្តហោះក៏ប្រញាប់ចុះឃ្លាំមើល និងវិភាគរកមើលអ្នកដំណើររូបនោះ, បន្ទាប់មកចាប់ផ្ដើមចុះធ្វើអធិការកិច្ច។ លទ្ធផលពិសោធបង្ហាញថានោះជាមាសសុទ្ធដែលមានកម្រិតទឹកមាសលើសពី៩៩%។ បុរសនោះត្រូវបានឃុំខ្លួនអស់រយៈពេល២០ថ្ងៃមកហើយនៅស្នងការដ្ឋាននគរបាលខេត្តស៊ូម៉ាត្រាខាងលិចដើម្បីរង់ចាំការស៊ើបអង្កេត និងចោទប្រកាន់ពីបទរំលោភច្បាប់របស់ឥណ្ឌូណេស៊ី។

ប្រសិនបើត្រូវតុលាការរកឃើញថាមានកំហុសដូចការចោទប្រកាន់មែន គាត់អាចនឹងជាប់គុករហូតដល់ដប់ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី៥០លានទៅ៥ពាន់លានរូពី។ គាត់មិនអាចពន្យល់បានថាតើគាត់បានមាសនោះមកពីណាទេ។ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀតដើម្បីចង់ដឹងថាតើគាត់អាចនឹងត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសជីកយករ៉ែមាសដោយខុសច្បាប់ដែរឬទេ។ នៅក្នុងសេចក្ដីប្រកាសដាច់ដោយឡែកមួយទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករអះអាងថាមន្ត្រីរបស់ខ្លួនរឹបអូសបានមាស២១,៨គីឡូក្រាមដែលមានតម្លៃ២,៩លានដុល្លារនៅក្នុងសំណុំរឿងចាប់ឃាត់ខ្លួន២ផ្សេងគ្នា។ អ្នកដំណើរទាំងនោះប្រុងនាំមាសចាកចេញពីអាកាសយានដ្ឋានអន្តរជាតិស៊ីយ៉ាំស៊ូឌីន នួ (Syamsudin Noor) ក្បែរទីក្រុងបាន់ចាម៉ាស៊ីន (Banjarmasin) នៃខេត្តគីលីម៉ាន់តាន់ខាងត្បូង។

ការចាប់បានមាសទាំង២ករណីនោះកើតឡើងកាលថ្ងៃទី៥ ខែវិច្ឆិកា និង១២ ខែវិច្ឆិកា។ នៅក្នុងសំណុំរឿងទីមួយ បុគ្គលិកគយរឹបអូសបានមាស៤,២គីឡូក្រាមពីនារីជនជាតិឥណ្ឌូណេស៊ីបួននាក់ដែលប្រុងធ្វើដំណើរឆ្ពោះទៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការចាប់ខ្លួននេះកើតមានឡើងបន្ទាប់ពីឆ្លុះតាមកាំរស្មីអ៊ិចទៅលើវ៉ាលី និងឆែកឆេរទៅលើខ្លួនប្រាណរបស់ពួកគេ។ នៅក្នុងសំណុំរឿងទីពីរ អ្នកដំណើរដែលប្រុងរត់ពន្ធមាសដោយខុសច្បាប់ប្រុងធ្វើដំណើរតាមជើងយន្តហោះឆ្ពោះទៅទីក្រុងគូឡាឡាំពួរ ប៉ុន្តែត្រូវស្ទាក់ចាប់ទាន់ពេលវេលា។

បុគ្គលិកគយរកឃើញមាស១៧ដុំទម្ងន់សរុប១៧,៦គីឡូក្រាមដែលលាក់នៅក្នុងខោទ្រនាប់ និងអាវទ្រនាប់។ អ្នកទាំងបីត្រូវចាត់ទុកថាជាជនសង្ស័យ និងដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប៉ុនប៉ងនាំចេញទំនិញដោយមិនប្រកាសប្រាប់ទៅភ្នាក់ងារគយ។ ឥណ្ឌូណេស៊ីកំណត់ពន្ធគយ១៥%លើការនាំចេញមាសចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ចាប់ពីដើមខែមករា ដល់ចុងខែតុលា ឆ្នាំនេះ ទីភ្នាក់ងារគយចាប់បានមាស៤០៥,១គីឡូក្រាមដែលប្រុងនាំចេញដោយខុសច្បាប់ពីប្រទេសឥណ្ឌូណេស៊ីនៅក្នុង១៣១ករណី។ ចំនួននេះច្រើនជាងឆ្នាំមុនរហូតដល់២០ដង៕ ប្រភព៖ Vietnam Express

ចែករំលែកព័តមាននេះ