ទីក្រុងវ៉ាស៊ីនតោន៖ អ្នកស្រីអាលីសហួង ក្នុងនាមជាបុគ្គលសំខាន់ដែលត្រូវគេយកចិត្តទុកដាក់ជាងគេនៅក្នុងរឿងអាស្រូវជាមួយលោកជេនសិនហួងនោះត្រូវគេស៊ើបដឹងថាអ្នកស្រីលួចទាក់ទងស្ងាត់ៗជាមួយទីភ្នាក់ងារសម្ងាត់ចិនអស់រយៈពេលជាងមួយឆ្នាំនៅពេលអ្នកស្រីមានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានញូយ៉កថាមស៍។

អ្នកស្រីអាលីសហួងបន្តទាក់ទងជាមួយមន្ត្រីម្នាក់របស់ក្រសួងសន្តិសុខរដ្ឋចិនចាប់តាំងពីរដូវផ្ការីកឆ្នាំ២០២៥ រហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ២០២៦។ នេះបើយោងតាមការដកស្រង់សម្ដីរបស់ក្រុមអ្នកដែលដឹងអំពីរបាយការណ៍សម្ងាត់។ អ្នកស្រីអាលីសហួងកាលពីមុននេះធ្លាប់ជានាយកក្រុមហ៊ុនមេហ្កាស្ពីត (Megaspeed) ដែលមានទីស្នាក់ការនៅសិង្ហបុរី។ នេះជាក្រុមហ៊ុនដែលទិញបន្ទះឈីបដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Nvidia រហូតដល់រាប់ពាន់លានដុល្លារ។

អាជ្ញាធរអាមេរិកចាប់ផ្ដើមស៊ើបអង្កេតក្រុមហ៊ុន Megaspeed ចាប់តាំងពីឆ្នាំ២០២៤ដោយសារបារម្ភថាបន្ទះឈីបបំពាក់បច្ចេកវិទ្យាទំនើបរបស់ Nvidia អាចនឹងផ្ទេរទៅប្រទេសចិន។ ព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យនោះកើតមានឡើងចំពេលដែលមន្ត្រីរដ្ឋាភិបាលអាមេរិកមិនទាន់សន្និដ្ឋានយ៉ាងណាទេ គ្រាន់តែមានមន្ទិលសង្ស័យទៅលើរបាយការណ៍បឋមដែលថាអ្នកស្រីអាលីសហួងជាភ្នាក់ងារចារកម្មដូចដែលញូយ៉កថាមស៍បានចុះផ្សាយកាលពីខែតុលា។

អត្ថបទចេញផ្សាយកាលពីថ្ងៃទី២៩ ខែតុលានោះបានលាតត្រដាងរឿងអាស្រូវស្នេហា ហើយនាំទៅដល់ការលាលែងពីតំណែងរបស់លោកជេនសិនហួង២សប្ដាហ៍ក្រោយមក និងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Nvidia ធ្លាក់ចុះយ៉ាងខ្លាំង។ មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំធ្លាប់និយាយជាច្រើនដងហើយថាពួកគេគិតថាអ្នកស្រីអាលីសហួងលួចយកការណ៍សម្ងាត់ទៅឱ្យប្រទេសចិន។ អគ្គរដ្ឋអាជ្ញាអាមេរិក លោកថតប្លេនឈី (Todd Blanche) ថ្លែងនៅខែវិច្ឆិកានេះថាក្រសួងយុត្តិធម៌មិនទាន់សន្និដ្ឋាននៅទីបញ្ចប់ថាអ្នកស្រីជាភ្នាក់ងារចារកម្មរបស់ចិន ឬយ៉ាងណាទេ។

នាយកទីភ្នាក់ងារចារកម្មជាតិអាមេរិក លោកជ័យក្លេតុន (Jay Clayton) បានឡើងរាយការណ៍អំពីបញ្ហានេះកាលពីថ្ងៃអាទិត្យ។ លោកថ្លែងប្រាប់ទូរទស្សន៍ស៊ីអឹនអឹនថាអគ្គរដ្ឋអាជ្ញាក្លេតុនបញ្ជាក់ច្បាស់ហើយថាទាំងអ្នកស្រីហួង និងក្រុមហ៊ុនរបស់អ្នកស្រីកំពុងស្ថិតក្រោមការស៊ើបអង្កេតដើម្បីចង់ដឹងអំពីអាថ៌កំបាំងផ្សេងៗ។ លោកនឹងអនុញ្ញាតឱ្យការស៊ើបអង្កេតនេះបន្តដំណើរការទៅមុខទៀត។ រឿងអាស្រូវនេះនាំឱ្យរដ្ឋាភិបាលអាមេរិកពិនិត្យពិច័យកាន់តែហ្មត់ចត់ទៅលើការនាំចេញទំនិញទៅប្រទេសចិន។ សមាជិកសភាមកពីគណបក្សទាំង២នៅអាមេរិកកំពុងចោទជាសំណួរថាតើរដ្ឋបាលរបស់លោកត្រាំធូររលុងពេកឬយ៉ាងណាក្នុងការរឹតត្បិត និងការកំណត់បទបញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការនាំចេញបន្ទះឈីប៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ