ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ក សារី​តុលា រំលឹក​ពី​ការ​ចេញ​ទៅ​ប្រកួត​បវរកញ្ញាដោយ​មិនសូវ​​មាន​អ្នកគាំទ្រ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេក្ខភាព​បវរកញ្ញា​នាង ហុ​ក សារី​តុលា បាន​រំលឹក​ឡើង​វិញ​ពី​ការ​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស​កាលពី​កន្លង​ទៅ ខ​ណៈ​ពេល​ការ​ប្រកួត​នេះ​ នាង​​​អាច​ឈាន​ទៅ​ដ​លើ​ TOP ជា​លើក​ដំបូង​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ តារា​ស្រី​រូប​នេះ ​នៅ​តែ​មាន​មោទនភាព​សម្រាប់​ខ្លួនឯង​ដែល​បាន​សម្រេច​បំណង និង​ក្តី​សុ​បិ​ន្ត​ដែល​អាចក្លាយ​ជា​បេក្ខភាព​តំណាង​កម្ពុជា​ ចេញ​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ ប្រកបដោយ​ភាព​ជោគជ័យ បើ​ទោះបីជា​អំឡុង​ការ​ប្រកួត​នោះ​ នាង​ហាក់​មិនសូវ​មានការ​គាំទ្រ​ច្រើន​ពី​មហាជន​កម្ពុជា ជា​ពិសេស​ នាង​មិន​ទទួល​បាន​ថវិកា​ច្រើន​សម្រាប់​វគ្គ​បោះ​ឆ្នោត ( Vote)  ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ហុ​ក សារី​តុលា បាន​លើក​ឡើង​ថា ខ្ញុំ​ទៅ​ប្រកួត​នៅ​កម្មវិធី​ធំ​លំដាប់​លេខ​4 ដែល​មាន​អ្នក​ប្រកួត​70​ប្រទេស​នៅ​ក្នុង​ពិភពលោក តែ​អត់​ទទួល​បាន​លុយ​ក្នុង​ការ​វ៉ូត​ចូល​Top តើ​ខ្ញុំ​គួរ​អន់ចិត្ត​ឬអត់? ​ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​យ៉ាង​ខ្លាំង ព្រោះ​ក្តី​សុបិន​ក្នុង​ការ​ចង់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន​សម្រេច​ជោគជ័យ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រឡង​ជា​ច្រើន​ដង​កន្លង​មក​។

នាង​បន្ត​ថា ប៉ុន្មាន​ខែ​មុន​នេះ ​ខ្ញុំ​បាន​ទទួល​តួនាទី និង​ភារកិច្ច​តំណាង​កម្ពុជា ក្នុង​នាម​ជា​បវរ​កញ្ញា​មួយ​រូប ចូលរួម​ប្រកួត​កម្មវិធី Miss Supranational 2026 នៅ​ប្រទេស​ប៉ូ​ឡូញ ដែល​ជា​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​លំដាប់​ពិភពលោក​ ។

នៅ​រាត្រី​ផ្តាច់ព្រ័ត្រ​ចុង​ក្រោយ ជា​ថ្ងៃ​ដែល​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​បំផុត ​គឺ​ខ្ញុំ​បាន​ជាប់​ក្នុង​ចំណោម Top 24 ដែល​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ក្នុង​ជីវិត ដែល​ខ្ញុំ​បាន​យក​មក​ជូន​ជាតិ ជូន​ប្រជាជន​កម្ពុជា​ជាទី​ស្រឡាញ់ ជា​ពិសេស ​ជូន​ដល់​អ្នកគាំទ្រ​ដែល​បាន​ខិតខំ​វូ​ត Like និង Share ក្នុង​កំឡុង​ពេល​នោះ រហូត​ទទួល​បាន​លទ្ធផល Top 24 នេះ​។

Screenshot

នាង​ថា នៅ​ពេល​នោះ ខ្ញុំ​ទទួល​បានការ​បោះ​ឆ្នោត​ជា​ទឹកប្រាក់​តិចតួច​បំផុត​ពី​មហាជន និង​ពី​បង​ៗ​ម្ចាស់​ប្រេ​ន​១​ទៅ​២​នាក់​តែ​ប៉ុ​ណ្ណោះ ឬ​ស្ថាប័ន​ធំ​ៗ​ផ្សេង​ៗ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​តូចចិត្ត​ទេ ព្រោះ​ខ្ញុំ​បាន​ឈ្នះ​ខ្លួនឯង និង​បាន​ឈ្នះ​មកុដ​នៅ​ក្នុង​ប្រទេស​រួច​ទៅ​ហើយ​ ។ ការ​ពិត​គឺថា «តម្លៃ​របស់​បវរកញ្ញា​ មិន​ត្រូវ​បាន​វាស់​ដោយ​ចំនួន​ទឹកប្រាក់​ដែល​គាំទ្រ​នោះ​ទេ ប៉ុន្តែ​វាស់​ដោយ​ចិត្ត​អ្នក​ដែល​យើង​បាន​យកឈ្នះ និង​កេរ្តិ៍ឈ្មោះ​ដែល​យើង​បាន​កសាង​ឡើង​ដោយ​ការ​ខិតខំ​ពី​សមត្ថភាព​ខ្លួនឯង» ។

Screenshot

ក្នុង​កំឡុង​ពេល​ប្រកួត ការ​ចំណាយ​គ្រប់យ៉ាង​ស្ទើរតែ​ធ្លាក់​លើ​ខ្ញុំ​ទាំងអស់ ទាំង​ឈុត​សម្លៀក​បំពាក់ ការ​ធ្វើ​ដំណើរ​ទៅ​មក ការ​សុំ​ទិដ្ឋាការ និង​ការងារ​ផ្សេង​ៗ​ទៀត ការងារ​ផ្សេង​ៗ​ក៏​បិទ​មិនសូវ​ទទួល​ដោយ​ទុក​ពេលវេលា​ផ្តោត​ទៅ​លើ​ការ​ប្រកួត ដែល​សរុប​ការ​ចំណាយ​ គឺ​ខ្ទង់​ម៉ឺន​ដុល្លារ ប៉ុន្តែ​រាល់​ការ​លំបាក​ទាំងនោះ បាន​បង្រៀន​ខ្ញុំ​ថា ភាពរឹងមាំ​ពិតប្រាកដ​ មិនមែន​មក​ពី​ការ​មាន​អ្នកគាំទ្រ​ច្រើន​នោះ​ទេ តែ​មក​ពី​សមត្ថភាព​ក្នុង​ការ​ក្រោកឈរ​ឡើង​ដោយ​ខ្លួនឯង ទោះបីជា​គ្មាន​នរណា​មើលឃើញ​ក៏​ដោយ​ ។

ទឹកប្រាក់​សម្រាប់​ការ​វូ​ត និង​ការ​លើកទឹកចិត្ត នរណា​ក៏​ចង់បាន​ដែរ ប៉ុន្តែ​បើ​មិន​ទទួល​បាន ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​ ។ យ៉ាងណាមិញ ខ្ញុំ​ក៏​សូម​ចូលរួម​សាទរ​ដល់​បវរកញ្ញា​ទាំងអស់​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត ព្រោះ​ពួក​គាត់​ហត់​ណាស់ នឿយ​ណាស់ ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រោះ​ពួក​គាត់​គួរតែ​ស័ក្ដិសម​ជាមួយ​អ្វី​ដែល​ពួក​គាត់​គួរ​ទទួល​បាន​។

ចូរ​ចាំ​ថា យើង​មិន​អាច​បង្ខំ​ឲ្យ​នរណា​ម្នាក់​មក​ស្រឡាញ់ និង​គាំទ្រ​យើង​បាន​ទេ​! យើង​គ្រាន់តែ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព នោះ​គឺ​គ្រប់គ្រាន់​ហើយ ព្រោះ​ក្តី​ស្រមៃ​របស់​យើង​បាន​ទៅ​ដល់​គោលដៅ​ហើយ​។ ទោះបីជា​បាន​មកុដ និង​មាន​អ្នកគាំទ្រ​ច្រើន​ក្តី ឬ​មិនសូវ​មាន​អ្នកគាំទ្រ​ច្រើន​ក្តី ក៏​ត្រូវ​តស៊ូ​បន្ត​ទៅ​មុខ​ទៀត ព្រោះ​វា​ជា​គោលដៅ​របស់​អ្នក មុន​ពេល​ដែល​អ្នក​ចង់បាន​មកុដ ។

ចុង​ក្រោយ​នេះ ខ្ញុំ​ចង់​ផ្ញើ​សារ​មួយ​ទៅ​កាន់​បវរកញ្ញា​កម្ពុជា​គ្រប់​រូប ទាំង​អ្នក​ដែល​កំពុង​គ្រង​មកុដ កំពុង​តំណាង​ប្រទេស​កម្ពុជា និង​អ្នក​ដែល​កំពុង​ដេញ​តាម​ក្តី​ស្រមៃ​៖ សូមកុំ​ឲ្យ​តម្លៃ​ខ្លួនឯង​ទាប​ជាង​តម្លៃពិត​របស់​អ្នក ដោយសារ​តែ​ការ​គាំទ្រ​មិន​គ្រប់គ្រាន់ ឬ​ការ​មិន​ទទួលស្គាល់​ពី​មហាជន​ ។ មកុដ​ គឺជា​និមិត្តរូប តែ​អ្វី​ដែល​នៅ​សល់​យូរអង្វែង​ជាង​នោះ គឺ​គុណធម៌ ភាព​ក្លាហាន និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ក្នុង​ការ​តំណាង​ជាតិ​ដោយ​ការ​គោរព ​។

សូម​បន្ត​ឈរ​ឲ្យ​ខ្ពស់ ដើរ​ឲ្យ​ខ្លាំង និង​ភ្លឺ​ថ្លា​ ដោយ​ខ្លួនឯង ព្រោះ​អ្នក​គឺជា​តំណាង​នៃ​ក្តី​សង្ឃឹម​របស់​កម្ពុជា​។ សំណាងល្អ​ដល់​អ្នក​ទាំងអស់​គ្នា ៕