ទីក្រុងហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបញ្ជាក់នៅថ្ងៃនេះថាមនុស្ស២៤នាក់បានស្លាប់នៅក្នុងហេតុការណ៍ឆេះរោងចក្រមួយកន្លែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមអ្នកជួយសង្គ្រោះបន្តរើកកាយគំនរបាក់បែកនៅកន្លែងឆេះដើម្បីស្វែងរកមនុស្សបាត់ខ្លួន៣០នាក់ទៀត។ ទន្ទឹមនឹងនោះ អាជ្ញាធរចាប់ផ្ដើមបើកការស៊ើបអង្កេតជាបណ្ដើរៗហើយដើម្បីចង់ដឹងអំពីមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍ឆេះរោងចក្រដែលកើតឡើងកាលពីយប់ថ្ងៃអាទិត្យនៅក្នុងអគារមួយនៃរោងចក្រផលិតនំផ្អែមនៃខេត្តបានទែន (Banten)។

ទីនេះបើគេធ្វើដំណើរពីរដ្ឋធានីហ្សាកាតាត្រូវចំណាយពេលប្រហែលមួយម៉ោងទើបទៅដល់។ លោកសាអ៊ីត អ៊ីលបាល់ (Said Iqbal) ជាទីប្រឹក្សាប្រធានាធិបតីឥណ្ឌូណេស៊ីទទួលបន្ទុកខាងការងារ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្ស២៤នាក់បានស្លាប់។ អាជ្ញាធរកំពុងវាយតម្លៃអំពីនីតិវិធីសុវត្ថិភាពនៅក្នុងរោងចក្រ។ នាយកគ្រប់គ្រងរោងចក្រនេះនឹងត្រូវកោះអញ្ជើញទៅឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការស៊ើបអង្កេត។ របាយការណ៍ស្រាវជ្រាវបឋមបង្ហាញថាអគ្គិភ័យនេះទំនងជាបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីរបស់ម៉ាស៊ីនត្រជាក់។

រោងចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន United Family Food ដែលមានកម្មករ៥ពាន់នាក់ និងជាអ្នកផ្គត់ផ្គង់សំខាន់សម្រាប់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ក្រុមហ៊ុនមានការិយាល័យចំនួនបួននៅបរទេស។ ផលិតផលរបស់ក្រុមហ៊ុនក៏មានផលិតផលមីលគីតា (Milkita) ដែលជាម៉ាកដ៏ល្បី និងឡេម៉ូនីឡូ (Lemonilo) ជាប្រភេទមីកញ្ចប់ផងដែរ។ នាយកប្រតិបត្តិរោងចក្រខាងលើនេះ លោកស្ទីវិន អៀវីន វីចាយ៉ា (Steven Erwin Wijaya) ថ្លែងថាបុគ្គលិកប្រហែល៣រយនាក់ធ្វើការនៅក្នុងរោងចក្រកាលពីថ្ងៃសៅរ៍។ ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួននៅចំណុចសំខាន់ៗ។

សំណងអគារនេះមិនមានសុវត្ថិភាពសម្រាប់ក្រុមអ្នកជួយសង្គ្រោះទេ។ នេះបើយោងតាមលោកអាល់ អាមរ៉ាត (Al Amrad) ជាប្រធានក្រុមអ្នកស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តបានទែន។ លោកថ្លែងថាមនុស្ស២៩នាក់ត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពជាធម្មតា។ ក្នុងនោះ ៥នាក់ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមអ្នកជួយសង្គ្រោះប្រមូលបានសាកសពជនរងគ្រោះ២៤នាក់ដែលវេចខ្ចប់នៅក្នុងថង់ផ្លាស្ទិច។ ប៉ុន្តែអជ្ញាធរនៅនឹងកន្លែងកើតហេតុមិនទាន់អាចបញ្ជាក់បានថាតើចំនួនអ្នកស្លាប់ពិតប្រាកដមានប៉ុន្មាននាក់ទេ។ កម្រិតនៃឆេះដ៏ខ្លាំងក្លានៃអគ្គិភ័យនេះធ្វើឱ្យសាកសពជនរងគ្រោះមិនអាចចំណាំភិនភាគបានឡើយ។ ក្រុមអ្នកជួយសង្គ្រោះអំពាវនាវឱ្យអ្នកដែលបាត់សាច់ញាតិប្រញាប់ទៅធ្វើតេស្តឌីអឹនអេ (DNA) ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ