ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរវត្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន នៅថ្ងៃដំបូងនៃបុណ្យអុំទូក

15 ម៉ោង មុន

ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបាននាំគ្នាទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីគយគន់សម្រស់ស្ថាបត្យកម្មបុរាណ និងស្វែងយល់ពីប្រវត្តិសាស្ត្រអរិយធម៌ខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ទិដ្ឋភាពនៅតំបន់អង្គរវត្តមានភាពអ៊ូអរ ដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍បានដើរទស្សនាបរិវេណប្រាសាទ ថតរូបអនុស្សាវរីយ៍ និងសិក្សាឈ្វេងយល់ពីរចនាបថស្ថាបត្យកម្ម ចម្លាក់លៀន និងស្នាដៃសិល្បៈបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរ។

ការមកទស្សនារបស់ភ្ញៀវទេសចរក្នុងឱកាសនេះ មិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃសម្បត្តិបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប តាមរយៈសេវាកម្មទេសចរណ៍ មគ្គុទ្ទេសក៍ ដឹកជញ្ជូន ម្ហូបអាហារ និងអាជីវកម្មពាក់ព័ន្ធផ្សេងៗផងដែរ។

ប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃអត្តសញ្ញាណ និងមោទនភាពជាតិ ព្រមទាំងជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរជាបន្តបន្ទាប់៕
​