ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទូក ង ២០គ្រឿង ចូលរួមប្រណាំងអបអរបុណ្យអុំទូកនៅខេត្តសៀមរាប

18 ម៉ោង មុន

ខេត្តសៀមរាប៖ ការប្រណាំងទូក ង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅខេត្តសៀមរាប បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានទូកចូលរួមសរុបចំនួន២០គ្រឿង។

ក្នុងចំណោមទូកទាំង២០គ្រឿង មាន១៤គ្រឿងមកពីតាមបណ្ដាវត្តក្នុងខេត្តសៀមរាប និង៦គ្រឿងទៀតមកពីក្រៅខេត្ត ដែលនឹងចូលរួមប្រកួតប្រជែង និងបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ព្រឹត្តិការណ៍នេះរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដោយមានពិធីប្រណាំងទូក និងព្រឹត្តិការណ៍អមជាច្រើនទៀត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅដងស្ទឹងសៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។

ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យជាតិ លើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបកាន់តែច្រើន៕