ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីសម្រស់ និងសិល្បៈតម្បាញ! «ស្បៃខ្មែរ» ផ្សារភ្ជាប់នឹងដើមកំណើតទឹកដី និងអត្តសញ្ញាណជាតិខ្មែរយ៉ាងជ្រាលជ្រៅ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ​ថា ៖ «​ស្បៃ​ខ្មែរ​» មិនមែន​គ្រាន់តែ​ជា​សាច់​កំណាត់​មួយ​ផ្ទាំង ដែល​បង់​លើ​ស្មា​នោះ​ទេ ប៉ុន្តែ​ជា​និមិត្តរូប​នៃ​ព្រលឹង​អរិយធម៌ អត្តសញ្ញាណ និង​មរតក​ដ៏​យូរលង់​របស់​ប្រជាជាតិ​ខ្មែរ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ត​ថា តាម​រឿងព្រេង​ដើម​កំណើត​ទឹកដី​ខ្មែរ ព្រះថោង​បាន​តោង​ស្បៃ​នាងនាគ ធ្វើ​ដំណើរ​ទៅ​កាន់​ឋាន​ភុជុង្គនាគ (​នគរ​នាគ​)​។ រឿងព្រេង​នេះ មិន​ត្រឹមតែ​ជា​ការ​ចង​ចាំ​ពី​ដូនតា​នោះ​ទេ ប៉ុន្តែ​ជា​និមិត្តរូប​ដ៏​ជ្រាលជ្រៅ​នៃ​ការ​កកើត​ទឹកដី ជំនឿ និង​ការ​បន្តវេន​អរិយធម៌​ខ្មែរ ។ ពី​រឿងព្រេង​ព្រះថោង​តោង​ស្បៃ​នាងនាគ រហូត​មក​ដល់​ទំនៀមទម្លាប់​អាពាហ៍ពិពាហ៍​ខ្មែរ​សព្វថ្ងៃ ស្បៃ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ និង​ជីវិត​វប្បធម៌​ខ្មែរ​យ៉ាង​ជ្រាលជ្រៅ ។

ជាមួយគ្នានោះដែរ ស្បៃ​ខ្មែរ មិន​ត្រឹមតែ​បង្ហាញ​ពី​សម្រស់ និង​ភាព​ទន់ភ្លន់​របស់​ស្ត្រី​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រំលេច​ពី​ប្រាជ្ញា​ដូនតា សិល្បៈ​តម្បាញ ភាព​ថ្លៃថ្នូរ និង​មោទនភាព​នៃ​ប្រជាជាតិ​មួយ​ដែល​មាន​អរិយធម៌​ដ៏​រុងរឿង ។

ថ្ងៃនេះ នៅ​ពេល​ស្បៃ​ខ្មែរ ត្រូវ​បាន​គ្រង​លើ​ឆាក​អន្តរជាតិ វា​មិនមែន​គ្រាន់តែ​ជា​ការ​បង្ហាញ​ម៉ូ​ដ ឬ​សម្រស់​នោះ​ទេ ។ វា គឺជា​ការ​នាំ​យក​អត្តសញ្ញាណ​ខ្មែរ មរតក​ដូនតា និង​ស្មារតី​មោទនភាព​ជាតិ​ទៅ​បង្ហាញ​ចំពោះ​ពិភពលោក ។

ស្បៃ​ខ្មែរ ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដែល​ដូនតា​យើង​បាន​បន្សល់​ទុក ហើយ​កូនចៅ​ខ្មែរ​បន្ត​ថែរក្សា និង​លើកតម្កើង ។ ស្បៃ​ខ្មែរ​ជា​មរតក​ខ្មែរ​! ជា​អត្តសញ្ញាណ​ខ្មែរ​! ជា​មោទកភាព​ខ្មែរ​! ពី​ជំនាន់​ដូនតា ដល់​ជំនាន់​កូនចៅ និង​បន្ត​ទៅ​អនាគត​៕