ភ្នំពេញ និងខេត្ត-ក្រុងជាច្រើននឹងមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី២៤-២៦ វិច្ឆិកា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កំពុងធ្វើដំណើរ ឬចេញក្រៅថ្ងៃនេះ? ពិនិត្យស្ថានភាពធាតុអាកាស ២៤-២៦ វិច្ឆិកា មុនចេញដំណើរ ព្រោះតំបន់ជាច្រើនអាចមានភ្លៀងលាយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា ៖ សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥% ។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងកំពង់ធំ ពុំមានភ្លៀងធ្លាក់ទេ ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ក្រចេះ និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០% ។ ចំណែកខេត្តឧត្តរមានជ័យ ប៉ៃលិន ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងជួរភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ