ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាឈ្វេងយល់បច្ចេកវិទ្យាកសិកម្មទំនើបនៅវៀតណាម ដើម្បីជំរុញផលិតកម្មស្រូវ

17 ម៉ោង មុន

រាជធានីភ្នំពេញ៖ ការប្រើប្រាស់គ្រឿងចក្រទំនើប បច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រកាត់បន្ថយការបំភាយឧស្ម័ន កំពុងក្លាយជាចំណុចសំខាន់ក្នុងការធ្វើទំនើបកម្មផលិតកម្មស្រូវ។ ជាក់ស្តែង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ចូលរួមកម្មវិធីបង្ហាញបច្ចេកវិទ្យាផ្ទាល់នៅវាលស្រែ ក្នុងស្រុក Vi Thuy ទីក្រុង Can Tho ប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីអង្គការ GIZ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីនេះរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធលើការប្រើប្រាស់គ្រឿងចក្រ បច្ចេកវិទ្យា និងការកាត់បន្ថយការបំភាយឧស្ម័នក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ។

បច្ចេកវិទ្យាដែលបានបង្ហាញរួមមាន ម៉ាស៊ីនព្រោះស្រូវ និងដាក់ជី ម៉ាស៊ីនច្រូតកាត់ទំនើប ការប្រមូល និងវេចខ្ចប់ចំបើង ការកែច្នៃចំបើងជាជីកំប៉ុស និងបញ្ចូលទៅក្នុងដី ព្រមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ចាប់សញ្ញាសម្រាប់កសិកម្មឆ្លាតវៃ។ បច្ចេកវិទ្យាទាំងនេះជាបទពិសោធសំខាន់សម្រាប់ការសិក្សា និងអនុវត្តក្នុងការធ្វើទំនើបកម្មវិស័យស្រូវនៅកម្ពុជា។

ជាមួយគ្នានេះ លោក ខាត់ សុធី និងក្រុមការងារ ក៏បានចូលរួមពិធីបើកជាផ្លូវការនៃពិធីបុណ្យស្រូវអន្តរជាតិលើកទី២ នៅឧទ្យាន Song Hau ទីក្រុង Can Tho ដើម្បីបន្តឈ្វេងយល់ និងចែករំលែកបទពិសោធក្នុងវិស័យផលិតកម្មស្រូវជាមួយដៃគូអន្តរជាតិផងដែរ៕